ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៦,៥ រ៉ិចទ័រ អង្រួននៅ ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារក្នុងស្រុកបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ អង្រួននៅខេត្ត Central Sulawesi ដែលស្ថិតនៅភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃចន្ទ ប៉ុន្តែមិនបង្កការខូចខាត ឬអ្នកស្លាប់ដែលត្រូវបានរាយការណ៍ឲ្យដឹងភ្លាមៗនៅឡើយទេ ។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្របានឲ្យដឹងថា ការរញ្ជួយមិនបង្កឲ្យមានរលកយក្សស៊ូណាមិ នោះទេ ។

លោក Datu Pamusu ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននិយាយថា មិនមានរបាយការណ៍ណាមួយដែល បញ្ជាក់អំពីការខូចខាតអគារ ឬបង្ករបួសដល់ពលរដ្ឋនៅក្នុងពេលដែលមានការរញ្ជួយនៅក្នុងក្រុង Ampana នៃស្រុក Tojo Una-Una នោះទេ ។

លោក Pamusu បានប្រាប់ដល់ស៊ិនហួតាមទូរស័ព្ទថា “ការរញ្ជួយបានរង្គើខ្លាំងដែលបានដឹងដោយពលរដ្ឋជាច្រើន ហើយអ្នកដែលរស់នៅទីនោះទាំងអស់ ជាអ្នកនៅតំបន់ឆ្នេរសមុទ្រ និងមានក្តីបារម្ភខ្លាំងផងដែរទៅនឹងព្យុះស៊ូណាមិ ។ ពលរដ្ឋបាននាំគ្នារត់គេចចេញពីផ្ទះរបស់ពួកគេ ឬចេញខាងក្រៅអាគារ ។ យ៉ាងណាមិញ មិនទាន់មានអគារណាមួយត្រូវបានបំផ្លាញនោះទេ” ។

លោក Abdul Muhari ប្រធានអង្គភាពទិន្នន័យ និងទូរគមនាគមន៍ នៅឯទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានសរសេរនៅលើអត្ថបទមួយថា ការរំញ័រក៏បានបង្កឲ្យងងឹតនៅក្នុងតំបន់ជាច្រើនផងដែរ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top