ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដំណើរការខ្សែទំនាក់ទំនង បន្ទាន់ឡើងវិញ ស្របពេលមេដឹកនាំស្វះស្វែង កសាងចំណងមិត្តភាពជាថ្មី

បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង បានធ្វើការស្តារឡើងវិញ នូវខ្សែទំនាក់ទំនងបន្ទាន់ ដែលទីក្រុងព្យុងយ៉ាង បានផ្តាច់ចោលកាលពីមួយឆ្នាំមុន នៅពេលដែលចំណង មិត្តភាពបានធ្លាក់ចុះខ្លាំង ហើយការភ្ជាប់ឡើងវិញនេះ គឺធ្វើឡើងក្នុងកិច្ចប្រឹងប្រែង មេដឹកនាំប្រទេសទាំងពីរ កសាងចំណងមិត្តភាពជាថ្មី។

វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតី មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតឲ្យគ្នាទៅវិញទៅមក ចាប់តាំងពីខែមេសាមក និងបានព្រមព្រៀងគ្នាភ្ជាប់ជាថ្មី នូវខ្សែទំនាក់ទំនងបន្ទាន់ឡើងវិញ។

ចំណែកទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បាននិយាយផងដែរថា បណ្ដាញទំនាក់ទំនងអន្តរកូរ៉េ បានបន្តប្រតិបត្តិការឡើងវិញ នៅម៉ោង ១០ព្រឹកថ្ងៃអង្គារនេះ ស្របទៅតាមការព្រមព្រៀងគ្នារវាងលោក មូន ជេអ៊ីន និងលោក គីម ជុងអ៊ុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លេខាធិការព័ត៌មានវិមានខៀវ លោក Park Soo-Hyun បាននិយាយយ៉ាងដូច្នេះថា “មេដឹកនាំទាំងពីរបានស្វែងរកមធ្យោបាយ ដើម្បីស្តារចំណងមិត្តភាពឡើងវិញ តាមរយៈការផ្ញើលិខិតឲ្យគ្នា ក្នុងឱកាសជាច្រើន និងបានព្រមព្រៀងគ្នាស្តារខ្សែទំនាក់ទំនង ដែលកាត់ផ្តាច់ជាថ្មីឡើងវិញ ដែលជាជំហានដំបូង សម្រាប់ដំណើរការនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top