ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល នឹងធ្វើទស្សនកិច្ចបារាំង ដើម្បីពិភាក្សាអំពីបញ្ហាក្រុមហ៊ុន NSO និងអ៊ីរ៉ង់

បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីឧបករណ៍ចារកម្ម លក់ឲ្យដោយក្រុមហ៊ុនអ៊ីនធឺណេតអ៊ីស្រាអែល NSO ដែលគេចោទថា ត្រូវបានគេប្រើប្រាស់ផ្តោតគោលដៅលើប្រធានាធិបតីបារាំង លោក Emmanuel Macron។

យោងតាមការចេញផ្សាយដោយកាសែតបារាំង ឈ្មោះ Le Monde បានឲ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក Macron បានស្ថិតនៅលើបញ្ជីគោលដៅ ដែលអាចស្ថិតក្រោមការតាមដានយកការណ៍ ដោយប្រទេសម៉ារ៉ុក ដែលប្រើប្រាស់កម្មវិធីសូហ្វវែ Pegasus របស់ក្រុមហ៊ុន NSO Group។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ របស់អ៊ីស្រាអែលមួយ បាននិយាយថា លោករដ្ឋមន្ត្រីការពារជាតិ Benny Gantz នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង លោក Florence Parly នៅថ្ងៃពុធសប្ដាហ៍នេះ ហើយលោកនឹងពិភាក្សាពីវិបត្តិនៅក្នុងប្រទេសលីបង់ និងកិច្ចព្រមព្រៀងដែលកំពុងវិវត្តជាមួយអ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនេះ គឺត្រូវបានគ្រោងនៅមុនកិច្ចការរបស់ក្រុមហ៊ុន NSO និងជាមធ្យោបាយ ផ្តោតសំខាន់ លើវិបត្តិសេដ្ឋកិច្ចកំពុងដុះដាលខ្លាំងឡើង នៅក្នុងប្រទេសលីបង់ ដែលមានព្រំដែនជាអ៊ីស្រាអែល និងលើកិច្ចប្រឹងប្រែង របស់មហាអំណាចពិភពលោក ក្នុងការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែ ជាមួយប្រទេសអ៊ីរ៉ង់៕ប្រែសម្រួល៖ប៉ាង កុង

To Top