ព័ត៌មានអន្តរជាតិ

ចិន ហៅអាមេរិកថា ជាអ្នកបំផ្លាញ សន្តិភាពធំជាងគេ (Video)

បរទេស៖ ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ រដ្ឋាភិបាលចិនស្របច្បាប់ពីតៃប៉ិ ទៅប៉េកាំងប៉ុន្តែក៏បន្តបញ្ជូន ឧបករណ៍យោធាទៅឱ្យកោះតៃវ៉ាន់។ ព្រឹត្តិការណ៍ដែលបានរៀបចំឡើង ដូចជាការឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធទី ៧ នៅឆ្នាំនេះ គឺចង់បង្ហាញពីឆន្ទៈក្នុងការការពារកោះនេះ ពីការវាយប្រហាររបស់ចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីការឆ្លងកាត់ចុងក្រោយ នៃច្រកសមុទ្រតៃវ៉ាន់ដោយ នាវាចម្បាំងអាមេរិក ក្រសួងការពារជាតិចិន បានចេញមុខថ្កោលទោសសកម្មភាពនេះថា ជាការបង្កហេតុនិងបង្កគ្រោះថ្នាក់។ វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី យន្តហោះរដ្ឋាភិបាលអាមេរិក ពីរគ្រឿងបានចុះចតនៅកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទឹកដីរបស់ចិន។

អ្នកនាំពាក្យជាន់ខ្ពស់ កងទ័ពលោកវរសេនីយ៍ឯក Shi Yi បាននិយាយថា ការអនុវត្តជាញឹកញាប់នូវសកម្មភាព បង្កហេតុស្រដៀងគ្នារបស់សហរដ្ឋអាមេរិក បានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគឺជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពធំបំផុតនៅច្រកសមុទ្រតៃវ៉ាន់ និងជាអ្នកបង្កើតហានិភ័យសន្តិសុខធំបំផុត នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោក Shi Yi បានបន្ថែមនាវាចម្បាំងអាមេរិច ដែលជានាវាពិឃាត USS Benfold ត្រូវបានតាមដានដោយសម្ងាត់ ដោយកងកម្លាំងអាកាសនិងសមុទ្រ របស់កងទ័ពចិន នៅពេលដែលវាបានធ្វើដំណើរ ឆ្លងកាត់ផ្លូវទឹកដែលបំបែក កោះតៃវ៉ាន់ពីចិនដីគោក។ លោកបានកត់សម្គាល់ថាកងទ័ព Eastern Theater បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងការបង្កហេតុទាំងអស់ ហើយនឹងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top