ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក នឹងធ្វើទស្សនកិច្ចវៀតណាម និងសិង្ហបុរី

បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាម នៅខែក្រោយនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងចំណងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នេះបើតាមការនិយាយរបស់សេតវិមាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រសប្ដាហ៍នេះ។

លោកស្រី កាម៉ាឡា ហារីស នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចវៀតណាម និងជាមន្ត្រីមានឋានៈខ្ពស់បំផុត មកពីរដ្ឋបាលលោក បៃដិន ដែលធ្វើដំណើរកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនិងអាស៊ី។ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺសំដៅដល់តំបន់ ដែលស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក មានព្រំដែនជាប់ជប៉ុន ឥណ្ឌា និងអូស្ត្រាលី។

លោក Symone Sanders ជាទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធាននាំពាក្យឲ្យលោកស្រី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ សេតវិមានយ៉ាងដូច្នេះថា “លោកប្រធានាធិបតី ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី ហារីស បានធ្វើវាឲ្យជាអាទិភាពកំពូល ដើម្បីកសាងជាថ្មីនូវភាព ជាដៃគូសកលរបស់យើង និងរក្សាជាតិយើងឲ្យមានសន្តិសុខ ហើយដំណើរទស្សនកិច្ចនាពេលខាងមុខនេះ បន្តនូវការងារទាំងនោះ ដោយធ្វើឲ្យកាន់តែស៊ីជម្រៅ នូវការពាក់ព័ន្ធរបស់យើង នៅតំបន់អាស៊ីអាគ្នេយ៍”។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី អនុប្រធានាធិបតីសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋបាលអាមេរិកធ្វើការងារ ដើម្បីពង្រឹងចំណងមិត្តភាព ក្នុងតំបន់ជាមួយបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ទន្ទឹមនឹងការទប់ទល់ចំពោះឥទ្ធិពលរបស់ចិន នៅក្នុងតំបន់និងក្នុងសកលលោក ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top