ព័ត៌មានអន្តរជាតិ

ករណីស្លាប់ ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ-១៩ នៅប្រេស៊ីល ធ្លាក់ចុះមកនៅក្រោម ៥០០នាក់

រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៤៦៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ថ្នាក់ជាតិ របស់ខ្លួនកើនឡើង ដល់ ៥៥៦,៨៣៤ នាក់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លង សរុបកើនឡើងដល់ ១៩,៩៣៨,៣៥៨ ករណី បន្ទាប់ពីមានករណីថ្មី ចំនួន ២០,៥០៣ករណី ត្រូវបានរកឃើញ ។

បច្ចុប្បន្នប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺរាតត្បាតខ្ពស់បំផុត លំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ប្រភពព័ត៌មានពីក្រសួង សុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូង មួយនេះកំពុងជួបប្រទះ រលកឆ្លងថ្មី ដែលមន្ទីរពេទ្យ ត្រូវបានគ្រប់ដណ្ដប់ ដោយអ្នកជំងឺស្ទើតែទាំងស្រុង ។

គួរបញ្ជាក់ថា មនុស្សជាង ១៤២ លាននាក់នៅប្រទេស ប្រេស៊ីល បានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងតិចបំផុតមួយដូស ដោយមានមនុស្សជាង ៤១,៤ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ ៕
ដោយ ឈូក បូរ៉ា

To Top