ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក៖ពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ទៀត នឹងអាចរស់នៅអាមេរិក ក្នុងនាមជាជនភៀសខ្លួន

បរទេស៖ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ទៀត ដែលជាគោលដៅនៃអំពើហិង្សាពីពួកតាលីបង់ ដោយសារតែមានសម្ពន្ធភាពជាមួយអាមេរិក ប៉ុន្តែគ្មានសិទ្ធទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេសនោះ នឹងមានឱកាសទៅរស់នៅអាមេរិក ក្នុងនាមជាជនភៀសខ្លួន។

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ស្របពេលមានការកើនឡើងនៃប្រយុទ្ធរបស់ពួកតាលីបង់នោះ រដ្ឋាភិបាលអាមេរិក កំពុងតែធ្វើការងារដើម្បីផ្តល់ឲ្យជនជាតិអាហ្វហ្គានីស្ថាន ដែលរួមមានទាំងអ្នកដែលបានធ្វើការងារជាមួយអាមេរិក នូវឱកាសសម្រាប់ការរស់នៅអាមេរិកជាជនភៀសខ្លួន”។

តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអាមេរិកបាននិយាយបន្តទៀតយ៉ាងដូច្នេះថា “ការសម្រេចបែបនេះ បានពង្រីកឱកាស ក្នុងការរស់នៅជាអចិន្ត្រៃយ៍លើទឹកដីសហរដ្ឋអាមេរិក ចំពោះជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ដែលអាចមានហានិភ័យ”។

អ្នកដែលធ្វើការងារជានិយោជិតរបស់ក្រុមហ៊ុនម៉ៅការ ដែលជាបុគ្គលិកក្នុងស្រុក និងអ្នកបកប្រែឲ្យរដ្ឋាភិបាល ឬក៏កងកម្លាំងប្រដាប់អាវុធអាមេរិក ក៏ដូចជាជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានជួល ដោយអង្គការប្រព័ន្ធផ្សព្វផ្សាយ ឬក៏អង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅអាមេរិក គឺមានសិទ្ធិទទួលបានការចាត់ចែងថ្មីនេះ នេះបើតាមសម្តីរបស់ក្រសួងការបរទេសអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង

To Top