ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ជំរុញមីយ៉ានម៉ា ឲ្យអនុម័តការតែងតាំង ប្រេសិតអាស៊ាន

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសឥណ្ឌូនេស៊ី លោក Retno Marsudi តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យប្រទេសមីយ៉ានម៉ា ធ្វើការអនុម័តយល់ព្រម ចំពោះការតែងតាំងប្រេសិតពិសេស មួយរូបរបស់សមាគមអាស៊ាន។

រយៈពេល៦ខែ បន្ទាប់ពីពួកយោធាបានផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោតតាមបែប លទ្ធិប្រជាធិបតេយ្យនៃប្រទេសមីយ៉ានម៉ា រដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានប្រារព្ធធ្វើកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ដើម្បីបញ្ចប់អំពើហិង្សា និងសម្របសម្រួលកិច្ចពិភាក្សាគ្នា រវាងរបបយោធានិងក្រុមអ្នកប្រឆាំង តាមរយៈតែងតាំងប្រេសិតពិសេស។

មិនបានធ្វើការបញ្ជាក់ឲ្យច្បាស់ថា អ្នកដែលត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រេសិតអាស៊ាននោះទេ ប៉ុន្តែមន្ត្រីការទូតនានាបាននិយាយ ប្រាប់ទីភ្នាក់ងារសារព័ត៌មានមួយថា រដ្ឋមន្រ្តីការបរទេសទី២ របស់ប្រទេសព្រុយណេ លោក Eliwan Yusov ត្រូវបានគេពេញចិត្តជាខ្លាំង ដើម្បីឲ្យទទួលកាន់តំណែងនេះ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TEXAS News Today ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសព្រុយណេ នឹងធ្វើការប្រកាសជាផ្លូវការ នូវការតែងតាំងប្រេសិតពិសេស ក្នុងនាមខ្លួនជាប្រធានអាស៊ានក្នុងឆ្នាំនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top