ព័ត៌មានអន្តរជាតិ

អាមេរិក៖ គម្រោងបោះឆ្នោតមីយ៉ានម៉ា បង្ហាញពីតម្រូវការឲ្យ អាស៊ានបង្កើនការប្រឹងប្រែង

បរទេស៖ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា គម្រោងចេញដោយ ឧត្តមសេនីយ៍កាន់អំណាច នៅមីយ៉ានម៉ា ដើម្បីប្រារព្ធធ្វើការបោះឆ្នោត ក្នុងរយៈពេល២ឆ្នាំ បង្ហាញឲ្យឃើញថា ពួកគេកំពុងធ្វើឲ្យពេលវេលាជាប់គាំង និងត្រូវការឲ្យបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ បង្កើនសម្ពាធលើពួកគេ។

នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី មួយក្នុងសប្ដាហ៍នេះ រវាងសហរដ្ឋអាមេរិក និងសមាគមអាស៊ាន មានសមាជិក១០ប្រទេស ដែលរួមទាំងមីយ៉ានម៉ាផងនោះ មន្ត្រីអាមេរិករូបនោះបាននិយាយ ប្រាប់អ្នកសារព័ត៌មានថា “វាច្បាស់ណាស់ ដែលរបបយោធាមីយ៉ានម៉ា កំពុងតែធ្វើឲ្យជាប់គាំងពេលវេលា និងចង់រក្សាការពន្យាពេលយូរ ដើម្បីជាផលប្រយោជន៍ខ្លួនឯងផ្ទាល់”។

តាមសេចក្តីរាយការណ៍ ដោយពោលសំដៅដល់ផែនការមួយ ដែលចេញដោយថ្នាក់ដឹកនាំអាស៊ាន ដើម្បីដោះស្រាយភាពចលាចលនោះ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសអាមេរិករូបនោះ បាននិយាយបន្តដូច្នេះថា “ដូច្នេះ ហេតុផលជាច្រើនទៀតទាំងអស់ ដែលអាស៊ានត្រូវតែចូល ពាក់ព័ន្ធលើបញ្ហានេះ និងគោរពតាមលក្ខខណ្ឌបានមូលមតិគ្នា ៥ចំណុច ដែលមីយ៉ានម៉ាក៏បាន ចុះហត្ថលេខាផងដែរ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា អ្នកសារព័ត៌មាន ដែលផ្តល់សេចក្តីសង្ខេបជាផ្លូវការ មុនមួយសប្ដាហ៍នៃកិច្ចប្រជុំ ដែលមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងសមភាគីក្នុងតំបន់ចូលរួមនោះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើពង្រីកការចូលរួមជាមួយអាស៊ាន ដើម្បីដាក់បញ្ចូលនូវកិច្ចពិភាក្សា លំដាប់ពហុរដ្ឋមន្ត្រីថ្មីចំនួន៥ ដែលខ្លួនសង្ឃឹមថា អាស៊ាននឹងយល់ព្រមឆាប់ៗនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×