ព័ត៌មានអន្តរជាតិ

អាមេរិក គ្រោងអំពាវនាវ ឲ្យសមាជិក អាស៊ាន អនុវត្ដទណ្ឌកម្ម ពេញលេញ លើកូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងអំពាវនាវ ឱ្យមានការ អនុវត្ត ពេញលេញនូវការដាក់ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង នៅពេល ដែលលោកជួបជា មួយសមភាគី របស់ខ្លួនមកពីប្រទេស ជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ក្នុងអំឡុងពេលកិច្ចប្រជុំ នៅសប្តាហ៍នេះ រដ្ឋមន្រ្តី ការបរទេសលោក Blinken នឹងនិយាយឡើងវិញ អំពីជំហររបស់អាមេរិក លើបញ្ហាក្នុងតំបន់រួមទាំងអំពាវ នាវឱ្យរបបយោធាភូមា បញ្ចប់អំពើហិង្សាជាបន្ទាន់ និងស្តារភូមាឡើងវិញតាមមាគ៌ាប្រជាធិបតេយ្យ គាំទ្រសេរីភាពដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង។

ក្នុងនោះក៏រួមទាំងការកែលម្អភាពធន់ និងតម្លាភាពតាមរយៈភាពជាដៃ គូមេគង្គ-អាមេរិក និងជំរុញ ឱ្យសមាជិកអាស៊ាន អនុវត្តយ៉ាងពេញលេញ នូវដំណោះស្រាយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ស្តីពីកូរ៉េខាងជើង ។

ក្រសួងបានឲ្យដឹងថា មន្រ្តីការទូតកំពូល របស់អាមេរិករូបនេះ នឹងចូលរួមក្នុងកិច្ចប្រជុំនិម្មិតចំនួន ៥ ដែលទាក់ទងនឹងអាស៊ាន នៅចន្លោះថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) រួមទាំងវេទិកាតំបន់អាស៊ាន ដែលកាលពីអតីតកាល ត្រូវបានចូលរួម ដោយកូរ៉េខាងជើង។

មន្រ្តីជាន់ខ្ពស់ម្នាក់ នៅពេលក្រោយបានឲ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងវេទិកាតំបន់ ប៉ុន្តែអ្នកការទូតកំពូលអាមេរិករូបនេះ មិនមានគម្រោងភ្លាមៗ ដើម្បីចូលរួមជាមួយសមភាគី កូរ៉េខាងជើង របស់លោកឡើយ ។

មន្ត្រីរូបនេះបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន តាមទូរស័ព្ទដោយនិយាយ ក្នុងលក្ខខណ្ឌអនាមិកថា“ យើងរំពឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នឹងចូលរួមក្នុងវេទិកាតំបន់អាស៊ាន ដូចដែលលោកបានចូលរួម កាលពីអតីតកាល” ៕ដោយ ឈូក បូរ៉ា

To Top