ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចោទរដ្ឋាភិបាលអាមេរិក ពីបទរៀបផែនការបង្កភាព ចលាចលក្នុងប្រទេសគុយបា

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសសហរដ្ឋ អាមេរិក សម្រាប់ការបង្កឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសគុយបា កាលពីខែមុន និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នៅពីក្រោយបាតុកម្មនោះយ៉ាងពិតប្រាកដ។


ប្រជាជនគុយបារាប់ពាន់នាក់ បានធ្វើការតវ៉ាតាមដងផ្លូវ កាលពីថ្ងៃទី១១ ខែកក្កដា ដែលជាការតវ៉ាទ្រង់ទ្រាយធំបំផុតលើកោះកាន់លទ្ធិកុម្មុយនិស្ត នៅក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ ដោយបង្ហាញនូវការខឹងសម្បារជាខ្លាំង ជុំវិញការខ្វះខាតស្បៀងអាហារនិងឱសថ ការដាក់ភ្លើងញឹកញាប់ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល លើវិបត្តិមេរោគកូរ៉ូណា។ ក្រុមអ្នកតវ៉ាបានស្នើឲ្យលោកប្រធានាធិបតី Miguel Diaz-Canel ចុះចេញពីតំណែង។


អ្នកវិភាគអន្តរជាតិ លោក Kim Yun Mi បានសរសេរក្នុងអត្ថបទ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េយ៉ាងដូច្នេះថា “វាត្រូវបានគេដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានធ្វើការប៉ុនប៉ដ៏អាក្រក់គ្រប់យ៉ាង អស់រយៈពេលជាច្រើនទសវត្សមកហើយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសគុយបា និងស្តាររបបដែលគាំទ្រសហរដ្ឋអាមេរិក”។


អ្នកវិភាគរូបនេះ បាននិយាយបន្តទៀតថា “វិបត្តិ ដែលជាផលដោយត្រង់ពីឧបាយកលក្រោយខ្នងរបស់អាមេរិក និងគោលនយោបាយជានិច្ចកាលរារាំងដល់ប្រទេសគុយបានោះ គឺជាការពង្រីកចលនាឃុបឃិតគ្នារបស់អាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលគុយបា”៕


ប្រែសម្រួល៖ប៉ាង កុង

To Top