ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវៀតណាម នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឡាវ រយៈពេល ២ថ្ងៃ

បរទេស៖ ប្រធានរដ្ឋរបស់វៀតណាម លោក ង្វៀនស៊ួនភុក និងភរិយា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហា។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ។

យោងតាមសារព័ត៌មាន Vietnam news ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ង្វៀនស៊ួនភុក នឹងជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សបដិវត្តន៍ប្រជាជនឡាវ និងប្រធានាធិបតីឡាវ លោកថងលូនស៊ីស៊ូលីត នាយករដ្ឋមន្រ្តី លោក ផានខម វីផាវ៉ាន់ និងប្រធានរដ្ឋសភា Xaysomphone Phomvihane និងអតីតមេដឹកនាំជាន់ខ្ពស់ និងបច្ចុប្បន្នរបស់ឡាវមួយចំនួន។

អ្នកនាំពាក្យរូបនេះបាននិយាយថា លោកប្រធានាធិបតីនឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី ៩ នៃប្រទេសឡាវ និងនៅក្នុងពិធីសម្ពោធអគាររដ្ឋសភាឡាវ និងចូលរួមសកម្មភាពសំខាន់ៗផ្សេងទៀត។

លោកស្រីបាននិយាយថា ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការបន្ថែមទម្ងន់ និងខ្លឹមសារដល់ចំណងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ដោយនាំមកនូវផលប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top