បរទេស៖ យោងតាមទីក្រុងសេអ៊ូល បានឲ្យដឹងថា មន្ត្រីការទូតសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីការបន្តកិច្ចពិភាក្សាអាមេរិក-កូរ៉េខាងជើង សម្រាប់ជាលើកដំបូង ចាប់តាំងពីទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាង ភ្ជាប់ឡើងវិញនូវខ្សែទំនាក់ទំនងយោធាបន្ទាន់។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កិច្ចជំនួបគ្នារវាងតំណាងពិសេសរងអាមេរិក លោក Jung Pak និងលោក Rim Kap-soo ជាអគ្គនាយកនៃការិយាល័យរបបសន្តិភាពរបស់ក្រសួង បានលើកឡើងពីដំណើរការនៃការជួបគ្នាជាមួយកូរ៉េខាងជើងជាថ្មី។
តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ភាគីទំាងពីរបានធ្វើការបញ្ជាក់ជាថ្មីថា ដើម្បីសម្រេចឲ្យបាននូវការវិវត្តទៅមុខបន្ត ក្នុងដំណើរការសន្តិភាពលើឧបទ្វីបកូរ៉េ ការបន្តយ៉ាងឆាប់រហ័សនូវកិច្ចពិភាក្សាគ្នា រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ព្រមទាំងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក គឺជារឿងចាំបាច់។
ក្រសួងបានបន្តថា “ពួកគេមានកិច្ចប្រឹក្សាដ៏ច្បាស់លាស់និងស៊ីជម្រៅ លើមធ្យោបាយសម្រាប់ការបន្តឲ្យបានលឿននូវកិច្ចពិភាក្សាគ្នា រវាងប្រទេសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់ការវិវត្តទៅមុខ នៅក្នុងចំណងមិត្តភាពអន្តរកូរ៉េផងដែរ”៕
ប្រែសម្រួល៖ប៉ាង កុង