ព័ត៌មានអន្តរជាតិ

ពួកតាលីបង់បិទច្រកព្រំដែន ជាប់ប៉ាគីស្ថាន និងស្នើឲ្យធ្វើដំណើរ ដោយគ្មានទិដ្ឋាការសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន

បរទេស៖ពួកបះបោរតាលីបង់ តាមសេចក្តីរាយការណ៍ បានបិទច្រកព្រំដែនមួយ ដែលជាប់នឹងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ ដោយនិយាយថា គ្មានអ្នកណាម្នាក់ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ រហូតដល់ទីក្រុងអ៊ីស្លាម៉ាបាត លុបចោល ឬក៏បន្ធូរបន្ថយតម្រូវការទិដ្ឋាការ សម្រាប់ជនជាតិអាហ្វហ្គានីស្ថាន។

ពួកតាលីបង់ ដែលកំពុងតែប្រឹងប្រែងច្បាំងដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការដកទ័ពអាមេរិកនិងទ័ពបរទេសដទៃទៀតនោះ កាលពីខែមុន បានវាយដណ្ដើមយកបានច្រកព្រំដែន Chaman-Spin Boldak ស្ថិតនៅភាគនិរតីប្រទេស ពីកងកម្លាំងរបស់អាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន កាលពីដើមឡើយ បានបិទច្រកព្រំដែនខាងខ្លួន ដែលជាចំណុចច្រកធ្វើដំណើរឆ្លងកាត់ដ៏មមាញឹកទី២របស់អាហ្វហ្គានីស្ថាន និងជាច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់ ទៅកាន់សមុទ្រ ហើយបន្ទាន់មក ក៏បានបើកឲ្យវាដំណើរការឆ្លងកាត់ឡើងវិញ កាលពីសប្ដាហ៍មុននេះ។

ប៉ុន្តែចាប់តាំងពីពួកតាលីបង់ បានគ្រប់គ្រងច្រកព្រំដែន Chaman-Spin Boldak នោះមក មន្ត្រីព្រំដែនប៉ាគីស្ថាន នៅទីនោះ បានចាប់ផ្តើមធ្វើការរឹតបន្តឹងលើតម្រូវការទិដ្ឋាការ សម្រាប់ជនជាតិអាហ្វហ្គានីស្ថាន ដែលពីមុនមក មិនត្រូវបានត្រួតពិនិត្យតឹងរឹងនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ពួកតាលីបង់ បានធ្វើការអំពាវនាវឲ្យប្រទេសប៉ាគីស្ថាន លុបចោលតម្រូវការទិដ្ឋាការទាំងអស់ សម្រាប់ជនជាតិអាហ្វហ្គានីស្ថាន៕ប្រែសម្រួល៖ប៉ាង កុង

To Top