បរទេស៖ អតីតលេខាផ្នែកព័ត៌មាននិងជាទីប្រឹក្សា របស់អតីតប្រធានាធិបតី អាមេរិក លោកដូណាល់ត្រាំ គឺលោក Sean Spicer បានប្រកាសថា លោកត្រាំ នឹងឈរឈ្មោះសម្រាប់អាណត្តិមួយទៀតនៅក្នុងការបោះឆ្នោត ប្រធានាធិបតី ឆ្នាំ ២០២៤ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសនេះបានកើតឡើងនៅពេលដែលការស្ទង់មតិរបស់សាកលវិទ្យាល័យ Quinnipiac បានបង្ហាញកាលពីដើមសប្តាហ៍នេះថា ជនជាតិអាមេរិកភាគច្រើនលើសពី ៦០% បានចាត់ទុកថា ការប៉ុនប៉ងឈរឈ្មោះរបស់លោក ដូណាល់ ត្រាំ ឆ្នាំ ២០២៤ គឺអាក្រក់សម្រាប់សហរដ្ឋអាមេរិក។
លោក Spicer បាននិយាយនៅក្នុងបទសម្ភាសន៍មួយមុនពេលចេញសៀវភៅនាពេលខាងមុខរបស់គាត់ ដែលមានចំណងជើងថា “ Radical Nation៖ ផែនការដ៏គ្រោះថ្នាក់របស់ Joe Biden និង Kamala Harris សម្រាប់អាមេរិក ហើយត្រូវបានដកស្រង់ដោយទស្សនាវដ្តី Washington Examiner កាលពីថ្ងៃសុក្រថា «គាត់ (ត្រាំ) ឈរឈ្មោះ»។
អតីតអ្នកនាំពាក្យរូបនេះបានបន្ថែមថា គោលនយោបាយរដ្ឋបាលរបស់ប្រធានាធិបតីចូបៃដិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសលើបញ្ហាពាក់ព័ន្ធនឹងលោកដូណាល់ត្រាំ ដូចជាអន្តោប្រវេសន៍ បានជំរុញទឹកចិត្តឱ្យលោក ត្រាំ គិតអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២២ ក្នុងអំឡុងពេលដែលលោកគ្រោងនឹងក្លាយជា “ kingmaker” ឬ អ្នកទទួលបន្ទុកការតែងតាងមុខតំណែងជាន់ខ្ពស់៕ប្រែសម្រួលៈ ណៃ តុលា
