ព័ត៌មានអន្តរជាតិ

ពួកហេសប៊ូឡាហ៍ អះអាងទទួលខុសត្រូវការបាញ់រ៉ុកកែត ចូលអ៊ីស្រាអែល

បរទេស៖ពួកហេសប៊ូឡាហ៍ ដែលជាក្រុមសកម្មប្រយុទ្ធលីបង់គាំទ្រដោយប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបាញ់គ្រាប់រ៉ុកកែតចំនួន១៩គ្រាប់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បង្កឲ្យមានការសងសឹកវិញពីកងកម្លាំងអ៊ីស្រាអែល។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ពួកសកម្មប្រយុទ្ធនេះ បានបាញ់រ៉ុកកែតប្រមាណ១៩គ្រាប់ ទៅលើទីទំនេរក្នុងតំបន់ Golan Heights ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងជើង។ 

មន្ត្រីយោធាមួយរូបបាននិយាយថា ក្នុងចំណោមគ្រាប់រ៉ុកកែតទាំងនោះ គ្រាប់រ៉ុកកែត៣គ្រាប់ បានធ្លាក់ចូលក្នុងប្រទេសលីបង់ ហើយប្រព័ន្ធការពារ បាញ់ទម្លាក់រ៉ុកកែត១០គ្រាប់ផ្សេងទៀត ចំណែក៦គ្រាប់ទៀតធ្លាក់ទៅលើទីវាលទំនេរក្នុងប្រទេសអ៊ីស្រាអែ។ 

អ៊ីស្រាអែល បានរាយការណ៍ថា គ្មានអ្នកណាម្នាក់រងគ្រោះ ពាក់ព័ន្ធនៅក្នុងការវាយប្រហារនោះទេ ហើយជាការសងសឹកវិញ កងទ័ពការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារទៅលើទីតាំងបាញ់រ៉ុកកែត ដែលស្ថិតនៅក្នុងប្រទេសលីបង់នោះ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top