ព័ត៌មានអន្តរជាតិ

ភាពមិនទទួលខុសត្រូវ ដោយការដកកងទ័ព របស់អាមេរិក និងណាតូ ចេញពីអាហ្វហ្គានីស្ថាន បង្កឲ្យមានភាពចលាចល

អ៊ីស្លាម៉ាបាដ ៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានលើកឡើងថា ការដកទ័ពអាមេរិក និងណាតូ ចេញពីអាហ្វហ្គានីស្ថាន ដោយគ្មានការទទួលខុសត្រូវ អាចផ្តល់ផលប្រយោជន៍ ដល់ក្រុមសកម្មប្រយុទ្ធនិងនាំឱ្យមានភាពចលាចល នៅក្នុងប្រទេស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មន្រ្តីរូបនេះបានអំពាវនាវ ឱ្យមានការដកទ័ព ប្រកបដោយការ ទទួលខុសត្រូវ និងមានសណ្តាប់ធ្នាប់ ដោយមិនទុកកន្លែង ទំនេរ សម្រាប់ក្រុមសកម្មប្រយុទ្ធ ដើម្បីបង្កអន្តរាយ និងបង្កើតស្ថានភាពវឹកវរ សម្រាប់តំបន់ឡើយ ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា លោកក៏បានសម្តែងការព្រួយបារម្ភ ចំពោះករណីអំពើហឹង្សា កើនឡើងនៅអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលដំណើរ ការដកទ័ពអាមេរិក និងណាតូ។

លោក Qureshi បានកត់សម្គាល់ថា ដំណើរការសន្តិភាព អាហ្វហ្គានីស្ថាន កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ហើយមានតម្រូវការយ៉ាងខ្លាំង ក្នុងការស្វែងរកដំណោះស្រាយ ដែលមានមូលដ្ឋាន និងទូលំទូលាយ តាមរយៈដំណើរការដែលដឹកនាំ ដោយអាហ្វហ្គានីស្ថាន។

គូសបញ្ជាក់ពីការលះបង់ របស់ប្រទេសខ្លួនដោយសារភាពចលាចល នៅអាហ្វហ្គានីស្ថាន មន្រ្តីប៉ាគីស្ថាន បានលើកឡើងថា ប៉ាគីស្ថាន គឺជាជនរងគ្រោះ នៃសង្គ្រាមនៅប្រទេសជិតខាង ។

លោកបានបញ្ជាក់ថា “តម្លៃដែលយើង បានលះបង់ ត្រូវតែយល់ ។ យើងបានរងគ្រោះជិត ៨០,០០០ នាក់ ហើយយើងបានទទួលរងនូវ ការខាតបង់ផ្នែកសេដ្ឋកិច្ច យ៉ាងធំធេង ពិភពលោកមិនគួរបំភ្លេចរឿងនោះទេ” ៕
ដោយ ឈូក បូរ៉ា

To Top