ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ពួកតាលីបង់ កាន់កាប់ព្រំដែនអាហ្វហ្គានីស្ថាន ជាប់តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយថា កងកម្លាំងប្រយុទ្ធរបស់ពួកតាលីបង់ បានកាន់កាប់ព្រំដែនរបស់ ប្រទេសអាហ្វហ្គានីស្ថាន ជាប់ប្រទេសតាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ស្របពេលដែលពួកគេបន្ត ការវាយលុកយ៉ាងលឿន។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា លោក Sergei Shoigu បាននិយាយប្រាប់សន្និសីទ យុវជនមួយក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារថា ថ្នាក់ដឹកនាំរបស់ក្រុមបះបោរនោះ បានធ្វើការសន្យាថា នឹងមិនវាយប្រហារប្រទេស នៅជិតខាងនោះទេ ក្រោយទទួលបានការកាន់កាប់ទឹកដី។

ក្រៅពីនេះ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បាននិយាយបន្ថែមថាប្រទេសរុស្ស៊ី នឹងបន្តធ្វើសហសមយុទ្ធយោធា ជាមួយសម្ពន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។
ប្រទេសរុស្ស៊ី មានមូលដ្ឋានយោធាមួយ នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ហើយអតីតសាធារណរដ្ឋសូវៀតនេះ គឺជាសមាជិកមួយនៃ អង្គការយោធាដឹកនាំ ដោយទីក្រុងមូស្គូផងដែរ នេះគឺមានន័យថា ទីក្រុងមូស្គូនឹងមានកាតព្វកិច្ចការពារ ក្នុងករណីមានការឈ្លានពាន។ ចំណែកប្រទេសអ៊ូសបេគីស្ថាន ក៏មានចំណងមិត្តភាពជិតស្និត ជាមួយរុស្ស៊ីផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ពួកតាលីបង់ កំពុងតែធ្វើការប្រយុទ្ធ ដើម្បីផ្តួលរំលំរដ្ឋាភិបាល គាំទ្រដោយអាមេរិក និងដាក់ឲ្យអនុវត្តឡើងវិញ នូវច្បាប់ឥស្លាមដ៏តឹងរឹង ហើយល្បឿននៃការវាយលុក ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានឲ្យធ្វើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសម្ពន្ធមិត្ត មានការតក់ស្លុត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×