ព័ត៌មានអន្តរជាតិ

UN៖ ផ្ទុះអំពើហិង្សានៅអាហ្វហ្គានីស្ថាន បង្ខំឲ្យពលរដ្ឋ រាប់ម៉ឺននាក់ជម្លៀសខ្លួនចេញ


អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា ការិយាល័យសម្របសម្រួលកិច្ចការ មនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងកាលពីថ្ងៃពុធថា ជម្លោះកើតឡើងនៅក្នុងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីសប្តាហ៍មុន នាំឲ្យពលរដ្ឋរាប់ម៉ឺននាក់បង្ខំចិត្តចាក ចេញពីលំនៅដ្ឋានរបស់ពួកគេ ។

ការិយាល័យបានឲ្យដឹងថា ពួកគេ គឺមានជិត៣៩០.០០០នាក់ បានផ្លាស់លំនៅដោយសត្រូវវាយប្រហារនៅក្នុង ឆ្នាំនេះ ដែលបានកើតឡើងទ្រង់ទ្រាយធំចាប់តាំងពីខែឧសភា ។ ភាគច្រើននៃការជម្លៀសខ្លួនគឺទៅកាន់ក្រុងកាប៊ុ ល និងបណ្តាទីក្រុងធំៗជាច្រើនទៀត ។


ភាគច្រើននៃការជម្លៀសខ្លួននៅក្នុងរដ្ឋធានី គឺស្នាក់នៅជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រ្ត ជាមួយគ្នានេះដែរ ធ្វើឲ្យចំនួនជំរុំកើនឡើង ប្រឈមមុខនឹងភាពរងទុក្ខកាន់តែខ្លាំង ។

ការិយាល័យខាងលើបានឲ្យដឹងថា ពលរដ្ឋប្រមាណជាង៥.៨០០នាក់ ជាអ្នកផ្លាស់ប្តូរលំនៅក្នុងស្រុកដែលមកដល់ក្រុងកាប៊ុល ចន្លោះថ្ងៃទី១ ខែកក្កដា និងថ្ងៃទី៥ ខែសីហា ត្រូវការស្បៀង វត្ថុប្រើប្រាស់ក្នុងផ្ទះ ទឹក និងជំនួយផ្នែកអនាម័យនិងជំនួយផ្សេងៗ ។

ការិយាល័យ OCHA បានឲ្យដឹងថា ក្រុមការងារមនុស្សធម៌ចំនួន១០ កាលពីថ្ងៃពុធ បានវាយតម្លៃទៅលើតម្រូវការរបស់ពលរដ្ឋដែលស្នាក់នៅខាងក្រៅសួនច្បារ និងទីវាលផ្សេងៗ និងបានបញ្ជាក់អត្តសញ្ញាណបន្ថែមទៀត ចំពោះអ្នកភៀសខ្លួន៤.៥២២នាក់ ដែលខ្វះជម្រកស្នាក់អាស្រ័យ ចំណីអាហារ អនាម័យ ទឹកផឹក ។ ក្រុមគ្រូពេទ្យចល័ត និងគ្លីនិកបណ្តោះអាសន្ន បានផ្តល់ការថែទាំសុខភាព ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top