ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីការទូតអាមេរិក នឹងជួបឯកអគ្គរដ្ឋទូតចិន ថ្មីនៅសប្ដាហ៍នេះ

បរទេស៖អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman តាមសេចក្តីរាយការណ៍ នឹងជួបជាមួយឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ស្តារចំណងមិត្តភាពដែលជាប់គាំងជាខ្លាំង។

នៅក្នុងការប្រកាសពីកាលវិភាគជាសាធារណៈរបស់ខ្លួន សម្រាប់ថ្ងៃបន្ទាន់ ក្រសួងការបរទេសសហរដ្ឋអាមរិក បាននិយាយប្រាប់ថា ជំនួបរវាងលោកស្រី Wendy Sherman និងលោក Qin Gang នឹងត្រូវធ្វើឡើងនាពេលរសៀល នៅក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Qin Gang មានវ័យ៥៥ឆ្នាំ បានបង្ហាញនូវភាពសុទិដ្ឋិនិយម ក្នុងខណៈលោកធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីចុងខែកក្កដា ដើម្បីទទួលតំណែងរបស់លោក ដោយនិយាយពីចំណងមិត្តភាពដ៏អស្ចារ្យដែលគេទន្ទឹងរង់ចាំ។

គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍ចុងក្រោយនៃខែកក្កដាកន្លងទៅ លោកស្រី Wendy Sherman បានប្រារព្ធធ្វើកិច្ចពិភាក្សាលំដាប់ខ្ពស់ នៅក្នុងប្រទេសចិន ដែលបញ្ចប់ទៅដោយភាគីទាំងពីរបង្ហាញថា ភាគីដទៃត្រូវតែធ្វើសម្បទានដើម្បីឲ្យចំណងមិត្តភាពប្រសើរឡើង៕ប្រែសម្រួល៖ប៉ាង កុង

To Top