ព័ត៌មានអន្តរជាតិ

ប្រជាជនអាហ្គានីស្ថាន ឥឡូវនេះ ដូចប្រជាជនភ្នំពេញ ជំនាន់១៩៧៥ ក្រោយ សហរដ្ឋអាមេរិក រត់ចោល

ភ្នំពេញ៖ លោក ហេង វ៉ាន់ ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងថា ឥឡូវនេះ ប្រជាជនអាហ្វហ្គានីស្ថាន ដូចប្រជាជនភ្នំពេញ ជំនាន់១៩៧៥ ក្រោយសហរដ្ឋអាមេរិករត់ចោល។

លោក ហេង វ៉ាន់ ដា លើកឡើងបែបនេះ ក្រោយពីសង្កេតឃើញថា ប្រទេសអាហ្វហ្គានីស្ថាន កំពុងជួបនូវវិបត្តិធ្ងន់ធ្ងរ ពីការវាយប្រហារកាន់កាប់ខេត្តនិងទីក្រុងមួយចំនួនធំ ពីសំណាក់ក្រុមតាលីបង់ ក្រោយពីរដ្ឋបាលលោក ចូ បៃដិន បានប្រកាស ដកកងទ័ព សហរដ្ឋអាមរិក ចេញពីប្រទេសដ៏កំសត់មួយនេះ។

លោក ហេង វ៉ាន់ ដា បានលើកឡើងថា អ្នកអើយអ្នក តើអ្នកដឹងទេ? ថ្ងៃ១២មេសាឆ្នាំ១៩៧៥ សហរដ្ឋអាមេរិក បញ្ជូនទ័ព មកជំលៀសបុគ្គលិកស្ថានទូត សហរដ្ឋអាមេរិក ចុងក្រោយទាំងអស់របស់ខ្លួន ជាមួយកងឧទ្ធម្ភាគចក្រទាំងហ្វូងឡើងរញ្ជួយទីក្រុងភ្នំពេញ ជំនាន់នោះ ក្រោមគ្រាប់ផ្លោង១០៥ របស់ខ្មែរក្រហមចូលភ្នំពេញ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ៥ថ្ងៃក្រោយពី សហរដ្ឋអាមេរិករត់ ខ្មែរក្រហមវាយកាន់កាប់ទាំងស្រុងភ្នំពេញ។ យើងរស់នៅជាមួយខ្មែរក្រហម ដែលពួកនេះដាក់ឈ្មោះឲ្យយើងថា ៖ ពួកជំលៀស ឬពួកអា១៧មេសា និងក្រោយមកវាប្តូរទៅជាពួកអាបញ្ញើរ។ មានន័យថា ជីវិតយើងគ្រាន់តែផ្ញើរនៅមូលដ្ឋានមួយរយះប៉ុណ្ណោះ។

លោក ហេង វ៉ាន់ ដា បន្ថែមទៀតថា ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលយើងរស់នៅជាមួយខ្មែរក្រហម យើងពិតជាលំបាកជាងស្លាប់។ ប៉ុន្តែអ្វីដែលឈឺចាប់បំផុត គឺឈឺចាប់ដោយចាញ់បោក សហរដ្ឋអាមេរិក ដែលនាំឥស្សរជនខ្មែរជំនាន់នោះ ឲ្យធ្វើបដិវត្តន៍ ដើម្បីទទួលយករបបសាធារណរដ្ឋ។ចុងក្រោយ គេនាំគ្នារត់ចោលយើង, គេទុកឲ្យយើងរស់នៅជាមួយខ្មែរក្រហមដ៏សែនចុកឈាមទៅវិញ។

លោក បានលើកឡើងថា ឥឡូវនេះ ប្រជាជនអាហ្វហ្គានីស្ថាន ដូចប្រជាជនភ្នំពេញជំនាន់១៩៧៥ដែរ។ តើវាសនា ប្រជាជនអាហ្វហ្គានីស្ថាន នឹងទៅជាយ៉ាងណាដែរ?

To Top
×