Covid-19

ការស្វែងរក ប្រភពដើម នៃវីរូសកូវីដ-១៩៖ ស្វែងរកការពិត ឬធ្វើនយោបាយ និយកម្ម?

ផែនការរបស់ អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទី២ នៃការសិក្សាអំពីដើមកំណើត នៃជំងឺកូវីដ ១៩ ត្រូវបានដាក់ចេញ ដោយឯកតោភាគី ដោយលេខាធិការដ្ឋាន អង្គការសុខភាពពិភពលោក ដោយមិនទទួលបាន ការយល់ព្រមពីរដ្ឋសមាជិកទាំងអស់។ រហូតមកដល់ពេលនេះ ប្រទេសចំនួន៧០ បានសម្តែងការប្រឆាំងចំពោះ ការធ្វើនយោបាយ នៃការរកដើមកំណើតវីរុស និងបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការគាំទ្ររបាយការណ៍សិក្សា ចិន-WHO តាមរយៈការផ្ញើសំបុត្រ និងចេញសេចក្តីថ្លែងការណ៍ ទៅកាន់អគ្គនាយក អង្គការសុខភាពពិភពលោក ទៀតផង។

នៅថ្ងៃទី ២ ខែសីហាឆ្នាំ ២០២១ គណបក្សនយោបាយជាង៣០០ អ្នកងសង្គមនិយម និងក្រុមអ្នកជំនាញមកពីជាង ១០០ប្រទេសនិងតំបន់ បាននាំគ្នាប្រឆាំងនឹងការធ្វើនយោបាយ លើដើមកំណើតមេរោគ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ផ្ញើទៅលេខាធិការដ្ឋានអង្គការ សុខភាពពិភពលោក។ វាត្រូវបង្ហាញថា មនុស្សដែលមានភ្នែកមើលច្បាស់ លើពិភពលោក អាចប្រាប់ពីអ្វីដែលត្រូវនិងខុស។

ឥឡូវនេះ ដល់ពេលដែលសហគមន៍អន្តរជាតិ ត្រូវខិតខំរួមគ្នានិងសកម្មភាព ជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ -១៩ វាមិនសមស្របទេ ដែលប្រទេសមួយបន្ទោស ប្រទេសណាមួយ ចំពោះប្រភពដើមនៃមេរោគនេះ។ ជំងឺរាតត្បាត គ្មានព្រំដែននិងគ្មានការរើសអើង ចំពោះនរណាឡើយ ដូច្នេះវាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសទាំងអស់ ដែលត្រូវធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជម្នះគ្រាលំបាកនេះ ដោយឈរលើគោលការណ៍ ពហុភាគីនិយម។

ការដោះស្រាយវិបត្តិ នៅក្នុងតំបន់និងពិភពលោក ដែលបង្កឡើងដោយកូវីដ ១៩ មិនមែនជាការទទួលខុសត្រូវ របស់ប្រទេសណាមួយឡើយ។ កិច្ចខិតខំប្រឹងប្រែងសកម្មភាព និងវិធានការរួមមានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាព និងដើម្បីសម្រេចបាននូវការ ស្តារសេដ្ឋកិច្ចសង្គម ក៏ដូចជាបង្កើនភាពជាដៃគូ សម្រាប់ការនិរន្តរភាព និងការអភិវឌ្ឍ។

គួរកត់សម្គាល់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ -១៩ និងក្នុងការជួយប្រទេសដទៃទៀត ក្នុងការស្តារសេដ្ឋកិច្ច របស់ពួកគេឡើងវិញ ក្នុងអំឡុងពេលមានជំងឺរាតត្បាត។ យើងសង្ឃឹមថា បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច នឹងទទួលបានវ៉ាក់សាំងបន្ថែម តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ពីប្រទេសចិន និងមជ្ឈមណ្ឌល COVAX របស់ WHO ដោយដាក់អាយុជីវិតមនុស្ស នៅចំពោះមុខ មុនការលើកទឹកចិត្ត ផ្នែកនយោបាយ។

វ៉ាក់សាំងការពារកូវីដ -១៩ គួរតែជាទំនិញសាធារណៈ ការចាក់វ៉ាក់សាំងមិនគួរមានហេតុផលនយោបាយលាយឡំជាមួយទ្រឹស្តីឃុបឃិត ដូចដែលបានលើកឡើងដោយទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាងយីថា ការស្វែងរកប្រភពដើមមិនគួរត្រូវបានរៀបចំឡើង ដោយនយោបាយឡើយ ហើយមិនគួរត្រូវបានគេប្រើដើម្បីបន្ទោសប្រទេសណាមួយនោះដែរ កុំបំបែកសហគមន៍អន្តរជាតិ មានតែយើងរួបរួមគ្នានោះទេ ទើបយើងអាចកម្ចាត់មេរោគបាន៕

ដោយ៖បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top