ព័ត៌មានអន្តរជាតិ

ប្រមុខ UN សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ ជីវិតមនុស្សជាច្រើន ដោយសារគ្រោះ ទឹកជំនន់នៅតួកគី

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា អគ្គលេខាធិការ Antonio Guterres អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យ បានបង្ហាញពីភាពសោកស្តាយ របស់គាត់ចំពោះការបាត់បង់ អាយុជីវិតមនុស្ស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដោយសារគ្រោះទឹកជំនន់ និងល្បាប់ភក់ ដែលបានកើតឡើង នៅភាគខាងជើងនៃប្រទេសតួកគី បន្ទាប់ពីបានរងការបំផ្លិចបំផ្លាញ ដោយភ្លើងឆេះព្រៃនៅក្នុងប្រទេស ។

តាមរយៈសេចក្តីប្រកាសមួយ ដែលបានចែកចាយដល់ អ្នកនាំពាក្យរបស់គាត់ គឺលោក Stephane Dujarric លោកប្រធាន UN “បង្ហាញពីការសោកសង្រេង របស់គាត់ដោយចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារដែលបានរងផលប៉ះពាល់” ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា “ជំហររបស់អង្គការសហប្រជាជាតិ ក្នុងសាមគ្គីភាពជាមួយពលរដ្ឋ និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី នៅគ្រាដែលមានបញ្ហាប្រឈមបែបនេះ” ។

គ្រោះទឹកជំនន់ បានបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានវាយប្រហារ មកលើតំបន់នៅសមុទ្រខ្មៅ នៅភាគខាងជើងនៃ ប្រទេសកាលពីថ្ងៃពុធ ដែលត្រូវបានគេរាយការណ៍មកថា មានពលរដ្ឋលើសពី ៦០នាក់បានបាត់បង់ជីវិត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top