ព័ត៌មានអន្តរជាតិ

យន្តហោះយោធា អាហ្វហ្គានីស្ថាន ធ្លាក់នៅក្នុងប្រទេស អ៊ូសបេគីស្ថាន

បរទេស ៖ យន្តហោះយោធាអាហ្វហ្គានីស្ថាន មួយគ្រឿង បានធ្លាក់នៅក្នុងប្រទេស អ៊ូសបេគីស្ថាន នេះបើយោងតាមគេហទំព័រព័ត៌មាន អ៊ូសបេគីស្ថានមួយ បានរាយការណ៍ នៅថ្ងៃចន្ទនេះ ដោយយោងតាមប្រភពព័ត៌មាន និងរូបភាព ដែលគេចែករំលែកលើកម្មវិធីផ្ញើសារ ។

យោងតាមសេចក្តីរាយការណ៍ របស់កាសែត Gazeta.uz បានឲ្យដឹងថា យន្តហោះយោធាអាហ្វហ្គានីស្ថាននោះ បានធ្លាក់កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងខេត្ត Surxondaryo ស្ថិតក្នុងប្រទេសអ៊ូស បេគីស្ថានភាគខាងត្បូង ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន ។

គេហទំព័រព័ត៌មានអ៊ូសបេគីស្ថាននេះ ក៏បាននិយាយផងដែរថា ប្រភពព័ត៌មានមួយបាននិយាយប្រាប់ខ្លួនថា បុគ្គលិកយោធាអាហ្វហ្គានីស្ថានពីរនាក់ ដែលគេជឿថាជិះនៅលើយន្តហោះនោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុង Termez ដែលជាទីរួមខេត្តរបស់ខេត្ត Surxondaryo ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីក្រសួងការពារជាតិ នៃប្រទេសអ៊ូសបេគីស្ថាន ដែលបាននិយាយប្រាប់ថា ខ្លួនកំពុងតែធ្វើការ សិក្សាស្រាវជ្រាវ លើសេចក្តីរាយការណ៍ស្តីពីគ្រោះថ្នាក់ធ្លាក់យន្តហោះនោះ ចំណែកអាជ្ញាធរអ៊ូសបេគីស្ថាន នៅពេលភ្លាមៗនេះ នៅមិនអាចទាក់ទងសុំការអត្ថាធិប្បាយ បាននៅឡើយនោះទេ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top