ព័ត៌មានអន្តរជាតិ

អ្នកលួចឡើងយន្តហោះជម្លៀសខ្លួន របស់អាមេរិកនៅអាហ្វហ្គានីស្ថាន ៣នាក់ ធ្លាក់ពីលើយន្តហោះស្លាប់, មនុស្សរាប់រយនាក់ រត់តាមកង់យន្តហោះដឹកជញ្ជូន C-17

បរទេស៖ មនុស្ស៨នាក់ បានស្លាប់នៅអាកាសយានដ្ឋានក្រុងកាប៊ុល ជាកន្លែងដែលប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលអស់សង្ឃឹម បាននាំគ្នាប្រវេសប្រវាសឡើងយន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិកបានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ដើម្បីភៀសខ្លួនពីពួកតាលីបង់។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកលួចឡើងយន្តហោះចំនួន ៣ នាក់ ត្រូវបានគេជឿថា បានធ្លាក់ចុះពីលើយន្តហោះរហូតដល់ស្លាប់ ដោយវីដេអូបង្ហាញពីសាកសពធ្លាក់ពីក្រោមយន្តហោះដឹកអ្នកដំណើររបស់ USAF ខណៈដែលយន្តហោះបានហោះឡើងលើមេឃលើទីក្រុងដែលបានធ្លាក់កាលពីថ្ងៃច័ន្ទ។

វីដេអូដាច់ដោយឡែកមួយបានបង្ហាញពីមនុស្សរាប់រយនាក់កំពុងដេញតាមយន្តហោះដឹកជញ្ជូនរបស់អាមេរិក C-17 ពីក្រោមកង់របស់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ។

នៅមុននេះទាហានអាមេរិកបានបាញ់ព្រមានទៅលើអាកាស ដើម្បីរារាំងមនុស្សពីការបង្ខំឲ្យ ឡើងយន្តហោះដែលគ្រោងនឹងជម្លៀសអ្នកការទូតអាមេរិកនិងបុគ្គលិកស្ថានទូតចេញពីទីក្រុងដែលបានដួលរលំ៕ប្រែសម្រួលៈ ណៃ តុលា

To Top