ព័ត៌មានអន្តរជាតិ

លោកស្រី Merkel៖ អាល្លឺម៉ង់ ត្រូវជម្លៀសមនុស្ស ១ម៉ឺននាក់ ចេញពីអាហ្វហ្គានីស្ថាន

បរទេស៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយប្រាប់ សហការីបក្សលោកស្រី នៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ ប្រហែលចាំបាច់ត្រូវជម្លៀស មនុស្សដ៏ច្រើនប្រមាណ ១០.០០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ចំនួនមនុស្សទាំងនោះ រួមបញ្ចូលទាំងបុគ្គលិក គាំទ្រអាហ្វហ្គានីស្ថាន២.៥០០នាក់ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស អ្នកច្បាប់ និងមនុស្សដទៃទៀត ដែលរដ្ឋាភិបាលមើលឃើញថា មានហានិភ័យ ប្រសិនបើពួកគេនៅតែស្ថិតនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពួកតាលីបង់ ដណ្ដើមបានទីក្រុងកាប៊ុល។

លោកស្រី Angela Merkel ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសអាល្លឺម៉ង់ គួរតែធ្វើសហប្រតិបត្តិការ ជាមួយប្រទេសនានា ដែលមានព្រំដែនជាប់ ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីគាំទ្រដល់មនុស្សដែល ភៀសខ្លួនចេញពីប្រទេស ក្នុងពេលបច្ចុប្បន្ននេះ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីអធិការបតីអាល្លឺម៉ង់ យោងតាមព័ត៌មានពី គណបក្សរបស់លោកស្រី បានមានប្រសាសន៍ថា “ប្រធានបទនេះ នឹងធ្វើឲ្យយើង មមាញឹករយៈពេលវែង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top