ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល៖ ពួកសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សា បាញ់រ៉ុកកែតលើអ៊ីស្រាអែល

បរទេស៖ កងទ័ពអ៊ីស្រាអែល បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែតមួយគ្រាប់ ដែលគេបាញ់ចេញពី តំបន់ហ្គាហ្សាស្ទ្រីប ទៅលើប្រទេសអ៊ីស្រាអែល ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ ដែនអាកាសរបស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា គ្រាប់រ៉ុកកែតនោះ បានធ្វើឲ្យសារ៉ែនបន្លឺឡើងក្នុងទីក្រុង Sderot ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល និងតំបន់នៅជុំវិញ តំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យយោធាអ៊ីស្រាអែលមួយរូប បាននិយាយប្រាប់ថា “គ្រាប់រ៉ុកកែតមួយគ្រាប់ ត្រូវបានគេបាញ់ចេញពី តំបន់ហ្គាហ្សាស្ទ្រីប ចូលមកក្នុងប្រទេសអ៊ីស្រាអែល” និងបានបន្ថែមថា ប្រព័ន្ធការពារបាញ់ទម្លាក់រ៉ុកកែត Iron Dome បានបាញ់ទម្លាក់គ្រាប់រ៉ុកកែតនោះ។

គួរបញ្ជាក់ថា ការបាញ់គ្រាប់រ៉ុកកែតនេះ គឺបានកើតមានឡើងក្រោយប៉ុន្មានម៉ោង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤នាក់ នៅក្នុងទីក្រុង Jenin ស្ថិតនៅតំបន់ West Bank ភាគខាងជើង ក្នុងអំឡុងធ្វើប្រតិបត្តិការវាយឆ្មក់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top