ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ស្ថិតក្រោមការគ្រប់គ្រង របស់ពួកតាលីបង់ ទីក្រុងកាប៊ុលហាក់មានសុវត្ថិភាពជាង នៅក្រោមលោក Ghani

បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អាហ្វហ្គានីស្ថាន បានកោតសរសើរ ចំពោះទង្វើពួកតាលីបង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបាននិយាយថា ក្រុម ដែលនៅតែត្រូវចាត់ទុកជាផ្លូវការថាជាអង្គការភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ីនេះ ក្នុងពេល២៤ម៉ោងដំបូង បានធ្វើឲ្យទីក្រុងកាប៊ុលមានសុវត្ថិភាពជាង ដែលស្ថិតនៅក្រោមអាជ្ញាធរពីមុន។

ការថ្លែងបែបនេះរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Dmitry Zhirnov នេះ តាមសេចក្តីរាយការណ៍ បានឆ្លុះបង្ហាញឲ្យឃើញពីការប្រឹងប្រែងដោយមិនលាក់បាំងរបស់រុស្ស៊ី ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវចំណងមិត្តភាពរបស់ខ្លួនជាមួយពួកតាលីបង់។

ថ្លែងទៅកាន់វិទ្យុ Ekho Moskvy របស់ទីក្រុងមូស្គូ លោក Dmitry Zhirnov បានមានប្រសាសន៍ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ លោកមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះទង្វើរបស់ពួកតាលីបង់ ដោយពិពណ៌នាវិធីរបស់ពួកគេ ថាល្អមានភាពវិជ្ជមាននិងដូចជាជំនួញ។

លោកបានបន្តយ៉ាងដូច្នេះថា “ស្ថានភាពមានសន្តិភាពល្អ ហើយគ្រប់យ៉ាងមានភាពស្ងប់ស្ងាត់ នៅក្នុងទីក្រុង។ ស្ថានភាពនៅក្នុងទីក្រុងកាប៊ុលក្រោមពួកតាលីបង់ នាពេលបច្ចុប្បន្ននេះ គឺល្អប្រសើរជាងដែលវានៅក្រោមលោកប្រធានាធិបតី Ashraf Ghani “។

គួរបញ្ជាក់ថា រុស្ស៊ីចង់ធានាថា អស្ថិរភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងមិនហៀរចូលទៅក្នុងតំបន់អាស៊ីកណ្ដាល ជាផ្នែកនៃអតីតសហភាពសូវៀត ដែលខ្លួនចាត់ទុកថា ជាទីលានខាងក្រោយរបស់ខ្លួន និងថា វាមិនក្លាយជាក្តារជាន់ សម្រាប់ក្រុមឥស្លាមជ្រុលនិយមដទៃទៀត៕ប្រែសម្រួល៖ប៉ាង កុង

To Top
×