ព័ត៌មានអន្តរជាតិ

ប្រទះឃើញ សាកសព ជនជាតិ អាហ្វហ្គានីស្ថានម្នាក់ ជាប់នៅជាមួយ កង់យន្តហោះ C-17 អាមេរិក ពេលចុះចត

បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានឲ្យដឹងថា សាកសពជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលកំពុងព្យាយាមរត់ គេចខ្លួនពីទីក្រុងកាប៊ុល ត្រូវបានរកឃើញនៅខាងក្នុងប្រអប់កង់ចុះចតរបស់យន្តហោះ C-17 របស់អាមេរិក។

យោងតាមសារព័ត៌មាន Telegraph ចេញផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា សាកសពនេះត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីយន្តហោះ C-17 របស់អាមេរិក បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ ហើយវាបានធ្វើឱ្យឧបករណ៍ចុះចត មិនអាចដំណើរការបាន។

អាជ្ញាធរអាមេរិកមិនទាន់បានបញ្ជាក់ពីរបាយការណ៍នេះ នៅឡើយទេ ប៉ុន្តែវាកើតឡើងពីទិដ្ឋភាពដ៏អាក្រក់របស់ជនជាតិអាហ្វហ្គានីស្ថាន ដែលតោងជាប់ នឹងយន្តហោះអាមេរិក នៅពេលពួកគេចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ កាលពីថ្ងៃចន្ទ។

រូបភាពវីដេអូក៏បានបង្ហាញពីមនុស្ស ដែលធ្លាក់ពីលើយន្តហោះបណ្តាលឱ្យស្លាប់ ខណៈដែលមនុស្សជាច្រើននាក់ ដែលព្យាយាម រត់គេចពីភាពច្របូកច្របល់ យ៉ាងប្រសាចពេញផ្នែកខាងក្រៅរបស់យន្តហោះអាមេរិក៕ប្រែសម្រួលៈ ណៃ តុលា

To Top