បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ កំពុងតែត្រៀមរៀបចំ បញ្ជូនក្រុមការងារជួយផ្នែក វេជ្ជសាស្ត្ររហូតដល់ទៅចំនួន ៥ក្រុម ដើម្បីប្រយុទ្ធប្រឆំាងនឹងជម្ងឺកូវីដ១៩ នៅខាងក្នុងទឹកដី នៃសហរដ្ឋអាមេរិក។
មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះថា ក្រុមការងារទាំងនោះ នឹងរួមបញ្ចូលទាំងបុគ្គលិក វេជ្ជសាស្ត្រប្រហែល ២០នាក់ ដែលមានទាំងវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និងអ្នកជំនាញព្យាបាលផ្លូវដង្ហើម។

ទិន្នន័យរបស់កាសែត The New York Times បង្ហាញថា ក្រុមការងារជួយផ្នែកវេជ្ជសាស្ត្រដំបូង នឹងត្រូវបញ្ជូនទៅទីក្រុង Lafayette រដ្ឋ Louisiana ជារដ្ឋមួយដែលថ្មីៗនេះ មានកំណត់ត្រាស្លាប់ដោយសារកូវីដ១៩ ខ្ពស់បំផុត និងជារដ្ឋមួយ ក្នុងចំណោមរដ្ឋដែលមាន អត្រាចាក់ថ្នាំវ៉ាក់សាំងទាបបំផុត នៅទូទាំងប្រទេស។
លោក John Kirby តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងរំពឹងថា អាចនឹងមានសំណើបន្ថែមទៀត ពីរដ្ឋដទៃផ្សេងទៀត សុំក្រុមការងារបន្ថែម ហើយនោះជាមូលហេតុ ដែលយើងកំពុងតែត្រៀមរៀបចំ បង្កើតក្រុមការងាររហូតដល់ទៅ៥ក្រុម” ៕
ប្រែសម្រួល៖ ប៉ាង កុង
