ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងបង្កើនជំនួយមនុស្សធម៌ទ្វេដង ឲ្យដល់អាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំនេះ

បរទេស៖ នៅក្នុងសារធ្វីតធ័រមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស នឹងបង្កើនទ្វេដងនូវជំនួយមនុស្សធម៌ និងអភិវឌ្ឍន៍របស់ខ្លួន ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងទំហំទឹកប្រាក់ ២៨៦លានផោន នៅក្នុងឆ្នាំនេះ។

តាមសេចក្តីរាយការណ៍ លោក បាននិយាយប្រាប់នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យប្រទេសដទៃ ដើរតាមការនាំមុខរបស់យើង ដើម្បីធានាថា ប្រជាជនអាហ្វហ្គានីស្ថាន ដែលងាយរងគ្រោះបំផុត ទទួលបានជំនួយមនុស្សធម៌ ដែលពួកគេត្រូវការ”។

លោក Dominic Raab បានប្រារព្ធធ្វើកិច្ចសន្ទនាគ្នា ស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថាន ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា កាលពីល្ងាចថ្ងៃពុធ ហើយលោកបានបន្ថែមថា លោកកំពុងតែធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីគ្រប់គ្រងជំនួយអាមេរិក លើការឆ្លើយតបបែបមនុស្សធម៌ ដើម្បីធានាថា ជំនួយបានដល់ដៃប្រជាជនរងគ្រោះ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន ប្រទេសអង់គ្លេស បានប្រកាសផែនការស្វាគមន៍ ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ទៅ ៥.០០០នាក់ ដែលរត់គេចពីពួកតាលីបង់ នៅក្នុងអំឡុងឆ្នាំដំបូងនៃ កម្មវិធីតាំងលំនៅថ្មី ដែលនឹងធ្វើឲ្យជាអាទិភាព សម្រាប់ស្ត្រី ក្មេងស្រី ជនភាគតិចផ្នែកសាសនា និងជនភាគតិចដទៃទៀត ហើយអង់គ្លេស ក៏បានអំពាវនាវឲ្យប្រទេសដទៃ ជួយទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×