ព័ត៌មានអន្តរជាតិ

UN៖ ពលរដ្ឋនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន លើសពី ១២,២លាននាក់ ជួបនឹងវិបត្តិអសន្តិសុខស្បៀង

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា អង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិជំនួយសង្គ្រោះនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន កំពុងតែយ៉ាប់យ៉ឺនយ៉ាង ឆាប់រហ័សបំផុត ដោយមានប្រជាជនចំនួន ១២,២លាននាក់ ជួបនឹងវិបត្តិអសន្តិសុខស្បៀង ។

ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា កំពុងភៀសខ្លួន ឬប៉ុនប៉ងរត់ឆ្លងកាត់ អាកាសយានដ្ឋានក្រុងកាប៊ុល ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌របស់ អង្គការសហប្រជាជាតិ ហៅកាត់ថា (OCHA) បានឲ្យដឹងថា មនុស្ស ៧៣៥.០០០នាក់ បានវិលត្រឡប់មកប្រទេសវិញ នៅឆ្នាំនេះពីប្រទេសអ៊ីរ៉ង់ ប៉ាគីស្ថាន និងប្រទេសដទៃទៀត ហើយកំពុងត្រូវការជំនួយបន្ទាន់ ពីជំនួយមនុស្សធម៌ ។ មនុស្ស៥៥០.០០០នាក់ផ្សេងទៀត បានផ្លាស់ទីលំនៅក្នុងប្រទេស ចាប់តាំងពីខែមករា ។

សេចក្តីត្រូវការរបស់ មនុស្សធម៌ត្រូវបានគេរំពឹងថា នឹងកាន់តែយ៉ាប់យ៉ឺននៅឆមាសទី២ នៃឆ្នាំនេះដោយសារគ្រោះរាំងស្ងួត ដោយបានឲ្យដឹងបន្ថែមថា ប្រជាជនភាគច្រើនចំនួន ១២,២លាននាក់ ដែលជួបវិបត្តិអសន្តិសុខស្បៀង នឹងរងនូវផលប៉ះពាល់បន្ថែមទៀត ដោយសារគ្រោះរាំងស្ងួត ។

ក្រុមមនុស្សធម៌បានឲ្យដឹងថា កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានកើនឡើង ១៦ភាគរយ ដែលបង្កផលប៉ះពាល់ដល់មនុស្ស ៩០០.០០០នាក់ និងកង្វះអាហារូបត្ថម្ភស្រួចស្រាវ កម្រិតមធ្យមកើនឡើង ១១ភាគរយ ដែលបង្កផលប៉ះពាល់ដល់កុមារចំនួន ៣.១លាននាក់ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×