ព័ត៌មានអន្តរជាតិ

អង់គ្លេស និងអាមេរិក ដាក់ទណ្ឌកម្មលើភ្នាក់ងារ ចារកម្មរុស្ស៊ី ជុំវិញការបំពុលលោក Navalny

បរទេស៖ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមបុរស ដែលពួកគេនិយាយថា គឺជាភ្នាក់ងារចារកម្មរុស្ស៊ី ទទួលខុសត្រូវបំពុលមេដឹកនាំ ប្រឆាំងរុស្ស៊ី លោក Alexei Navalny កាលពីមួយឆ្នាំមុន។

ប្រទេសទំាងពីរនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មផ្តោតលើ ជនជាតិរុស្ស៊ីចំនួន៧នាក់ ហើយក៏បានចេញ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលបានធ្វើការព្រមាន ចំពោះប្រទេសរុស្ស៊ី ជុំវិញរឿងអាវុធគីមី។

ទីក្រុងវ៉ាស៊ីនតោន បានធ្វើការដាក់ទណ្ឌកម្មផ្សេងៗគ្នា ទៅលើបុរសពីរនាក់ និងវិទ្យាស្ថានរុស្ស៊ីចំនួន ៤ផ្សេងទៀត ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធក្នុង ការស្រាវជ្រាវអាវុធគីមី ឬក៏អ្វីដែលខ្លួននិយាយថា ជាការប៉ុនប៉ងធ្វើឃាតលើលោក Navalny។

គួរបញ្ជាក់ថា លោក Alexei Navalny ត្រូវបានបញ្ជូនតាមយន្តហោះ ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីទទួលការព្យាបាល ក្រោយត្រូវគេបំពុលនៅតំបន់ស៊ីបេរី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំមិញ ជាមួយអ្វីដែលអ្នកជំនាញ លោកខាងលិចសន្និដ្ឋានថា ជាសារធាតុគីមីពុល Novichok ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top