ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី បញ្ជូនបេសកកម្មការទូត ប្រចាំអាហ្វហ្គានីស្ថាន ទៅប៉ាគីស្ថាន

បរទេស៖ ក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសឥណ្ឌូនេស៊ី បានបញ្ជូនបេសកកម្មការទូត ប្រចំាអាហ្វហ្គានីស្ថាន ចេញពីទីក្រុងកាប៊ុល ទៅកាន់ប្រទេសប៉ាគីស្ថានហើយ ក្រោយកងកម្លាំងទ័ពអាកាសខ្លួន បានជម្លៀសមនុស្សជាច្រើននាក់ បន្ទាប់ពីពួកតាលីបង់ ដណ្ដើមកាន់កាប់អំណាច។

ក្នុងសុន្ទរកថា មួយធ្វើឡើងនៅអាកាសយានដ្ឋានយោធា Halim ក្នុងទីក្រុងហ្សាកាតា លោកស្រី Retno Marsudi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជាបណ្ដោះអាសន្ន បេសកកម្មការទូតក្នុងទីក្រុងកាប៊ុល នឹងត្រូវធ្វើឡើងពីទីក្រុងអ៊ីស្លាម៉ាបាដ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីបានមាន ប្រសាសន៍បន្តយ៉ាងដូច្នេះថា “ផែនការបឋម ត្រូវបានបន្តបេសកកម្មការទូត របស់យើងក្នុងទីក្រុងកាប៊ុល ជាមួយក្រុមការងារតូច ប៉ុន្តែបានធ្វើការផ្លាស់ប្តូរវិញ ដោយសារតែដំណើរវិវត្តន៍ថ្មី”។

គួរបញ្ជាក់ថា អាកាសយានដ្ឋានទីក្រុងកាប៊ុល បានក្លាយជាកន្លែងច្របូកច្របល់មួយ នៅក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ ព្យាយាមរត់ភៀសខ្លួន ចេញពីប្រទេសកំណើត ស្របពេលដែលប្រជាជនពីប្រទេសដទៃ ក៏ស្វះស្វែងចាកចេញផងដែរ ក្រោយការដកកងទ័ពអាមេរិក និងកងទ័ពបរទេសដទៃទៀត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top