ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ សន្យាថា នឹងរឹតចំណងមេត្រីភាព​ ជាមួយបណ្តាប្រទេសទាំងអស់ នៅទូទាំងពិភពលោក

កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ក្រុមតាលីបង់ បាននិយាយ កាលពីសៅរ៍ថា ខ្លួនមានចេតនា ដើម្បីធ្វើកិច្ចការទូត និងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសទាំងអស់ នៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំង សហរដ្ឋអាមេរិក ផងដែរ ទន្ទឹមនឹងនេះដែរ ប្រមុខដឹកនាំនយោបាយរបស់ខ្លួន ត្រូវបានគេរាយការណ៍ថា បានមកដល់ក្រុងកាប៊ុល ដើម្បីពិភាក្សាអំពីការរៀបចំរដ្ឋាភិបាលថ្មីមួយ ។

លោក Mullah Abdul Ghani Baradar ប្រធានដឹកនាំខាងនយោបាយ នៃក្រុមតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា “សហភាពអ៊ីស្លាម នៃអាហ្វហ្គានីស្ថាន ចង់ធ្វើកិច្ចការទូត និងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តា ប្រទេសទាំងអស់ ជាពិសេស សហរដ្ឋអាមេរិក ” ។

លោក Baradar បានបដិសេធទៅនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានដែលរាយការណ៍ថា តាលីបង់ មិនមានចេតនាដើម្បីធ្វើកិច្ចការទូត និងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងសហរដ្ឋអាមេរិក ។

គាត់បានថ្លែងថា “យើងមិនដែលនិយាយអំពីរឿង កាត់ផ្តាច់ពាណិជ្ជកម្មជាមួយប្រទេស ណាមួយឡើយ ។ ពាក្យចចាមអារាម ដែលបានលើកឡើង អំពីព័ត៌មាននេះ ត្រូវបានគេយកទៅឃោសនាតែប៉ុណ្ណោះ ។ វាមិនត្រឹមត្រូវនោះទេ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×