ព័ត៌មានអន្តរជាតិ

តួកគី ពង្រឹងកម្លាំង ការពារព្រំដែន ដើម្បីរារាំងរលក អន្តោប្រវេសន៍ អាហ្វហ្គានីស្ថាន

បរទេស៖ប្រជាជនអាហ្វហ្គានីស្ថាន ដែលគ្រោងធ្វើដំណើរថ្មើរជើងរយៈពេលមួយសប្ដាហ៍ ឆ្លងកាត់តាមប្រទេសអ៊ីរ៉ង់ សំដៅទៅកាន់ព្រំដែនតួកគី នឹងប្រឈមមុខជាមួយជញ្ជាំងរបបកម្ពស់៣ម៉ែត្រ ប្រឡាយ និងរបងលួស ស្របពេលដែលអាជ្ញាធរតួកគី បង្កើនកិច្ចប្រឹងប្រែងរារាំងជនភៀសខ្លួនមិនឲ្យចូលមកក្នុងប្រទេសខ្លួន។

ការពង្រឹងវិធានការការពារព្រំដែននៅក្នុងប្រទេសតួកគី ដែលបានទទួលរួចហើយនូវជនភៀសខ្លួនស៊ីរី៤លាននាក់ និងជាចំណុចដំណាក់កាលមួយ សម្រាប់ជនអន្តោប្រវេសន៍ជាច្រើន ដែលព្យាយាមចូលទៅកាន់អឺរ៉ុបនោះ បានចាប់ផ្តើម ស្របពេលដែលពួកតាលីបង់ បានចាប់ផ្តើមវាយសម្រុកនៅអាហ្វហ្គានីស្ថាន និងកាន់កាប់បានទីក្រុងកាប៊ុល កាលពីសប្ដាហ៍មុន។

តាមសេចក្តីរាយការណ៍ អាជ្ញាធរតួកគី គ្រោងបន្ថែមជញ្ជាំងរបងព្រំដែនប្រវែង៦៤គីឡូម៉ែត្រទៀត នៅចុងឆ្នាំនេះ ហើយប្រឡាយទឹក របងលួស និងប្រតិបត្តិការត្រួតពិនិត្យសន្តិសុខគ្រប់ពេល នឹងត្រូវធ្វើឡើងលើព្រំប្រទល់សេសសល់៥៦០គីឡូម៉ែត្រទៀត។

លោក Mehmet Emin Bilmez ជាអភិបាលខេត្ត Van ស្ថិតនៅតាមតំបន់ព្រំដែនភាគខាងកើត បាននិយាយប្រាប់សារព័ត៌មានកាលពីចុងសប្ដាហ៍ថា “យើងចង់បង្ហាញឲ្យពិភពលោកទាំងមូលមើលឃើញថា ព្រំដែនរបស់យើង គឺមិនអាចឆ្លងកាត់បាននោះទេ ហើយក្តីសង្ឃឹមដ៏ធំបំផុតរបស់យើង គឺថា គ្មានរលកអន្តោប្រវេសន៍មកពីអាហ្វហ្គានីស្ថាន”៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top