ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ ព្រមានអាមេរិក ប្រសិនបើចង់ អូសបន្លាយពេលវេលា កាន់កាប់អាហ្វហ្គានីស្ថាន

បរទេស៖ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Sky News ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទ អ្នកនាំពាក្យរបស់ ក្រុមតាលីបង់លោក Suhail Shaheen បានផ្តោតលើបញ្ហាបន្ទាន់មួយចំនួន រួមមានការដកកងទ័ពអាមេរិក ការជម្លៀសជនជាតិអាហ្វហ្កានីន និងសិទ្ធិស្ត្រី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយនឹងពេលវេលា ដែលបានកំណត់រួចហើយ សម្រាប់កាលបរិច្ឆេទ ដកកងទ័ពអាមេរិក លោក Shaheen បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ពីការពន្យារពេលណាមួយ ដែលអាចកើតមាន។

អ្នកនាំពាក្យក្រុមតាលីបង់ រូបនេះបានបញ្ជាក់ថា “វាជាខ្សែបន្ទាត់ក្រហម ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថានៅថ្ងៃទី ៣១ ខែសីហាពួកគេនឹងដកកងកម្លាំងយោធា របស់ពួកគេទាំងអស់ចេញ។ ដូច្នេះប្រសិនបើពួកគេពង្រីក វាមានន័យថា ពួកគេកំពុងពង្រីកការកាន់កាប់ ខណៈពេលដែលយើងមិនត្រូវការ” ។

លោក Suhail Shaheen បានសង្កត់ធ្ងន់ថា ក្រុមសកម្មប្រយុទ្ធនឹងនិយាយថា “ទេ” ប្រសិនបើសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស“ ស្វែងរកពេលវេលាបន្ថែម ដើម្បីបន្តការជម្លៀស ឬអាចមានផលវិបាក” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×