ព័ត៌មានអន្តរជាតិ

ថៃ កំពុងពង្រឹង និងលើក ស្ទួយវិស័យទេសចរណ៍ ដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត

បាងកក ៖ ជាងមួយឆ្នាំកន្លះចាប់តាំងពីជំងឺរាតត្បាតកូវីដ -១៩ បានផ្ទុះឡើង ឧស្សាហកម្មទេសចរណ៍ របស់ប្រទេសថៃ ឥឡូវនេះកំពុងតស៊ូ ដើម្បីរស់រានមានជីវិតបន្ដទៀត និងព្យាយាមផ្លាស់ប្តូរ ពីវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ដែលមានគុណភាព បន្ថែមទៀត។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសនេះទទួលបានភ្ញៀវ អន្តរជាតិប្រមាណ ៤០ លាននាក់ក្នុងឆ្នាំ២០១៩ ហើយចំនួននេះបានធ្លាក់ចុះមកត្រឹម ៦,៧ លាននាក់ នៅឆ្នាំ២០២០ ខណៈកំពុងមានជំងឺរាតត្បាតផ្ទុះឡើង ។

សម្រាប់ឆ្នាំ២០២១ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករណ៍ថា សូម្បីតែនៅក្នុងសេណារីយ៉ូល្អបំផុត ក៏ដោយ ក៏នឹងមានភ្ញៀវទេសចរបរទេសប្រមាណ ១-២ លាននាក់ប៉ុណ្ណោះ ដែលមកទស្សនាប្រទេសនេះ។ អ្នកខ្លះជឿជាក់ថាតួលេខនេះ នៅតែត្រូវបានគេចាត់ទុកថា មានសុទិដ្ឋិនិយមដោយសារអត្រា ចាក់វ៉ាក់សាំងបច្ចុប្បន្ន និងចំនួនករណីឆ្លងកើនឡើង ប្រចាំថ្ងៃនៅក្នុងប្រទេស ។

ការផ្តោតលើវិស័យ ទេសចរណ៍លំដាប់ខ្ពស់ តែងតែជាគោលដៅដ៏មានមហិច្ឆតា សម្រាប់ប្រទេសថៃ។ ឥលូវនេះអាជ្ញាធរជឿជាក់ថា ប្រទេសថៃ ត្រូវតែប្រើជំងឺរាតត្បាតជាកាតាលីករ ដើម្បីស្តារឧស្សាហកម្មនេះឡើងវិញ ព្រោះនេះ គឺជាមធ្យោបាយតែមួយគត់ ដែលវិស័យនេះអាចរស់រានមានជីវិត និងឆ្លងកាត់វិបត្តិនេះបាន ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក Phiphat Ratchakitprakarn បានលើកឡើងថា“ យុទ្ធសាស្រ្តស្តារវិស័យទេស ចរណ៍របស់រដ្ឋាភិបាល គឺផ្តោតលើអ្នកចំណាយធំ ដែលកំពុងស្វែងរកភាពឯកជន និងការរក្សាគម្លាតសង្គមអំឡុង ពេលស្នាក់នៅជាពិសេស អំឡុងពេល និងក្រោយកូវីដ -១៩ ពិភពលោក” ។

លោកបានបន្ដថា ការធ្វើដំណើរប្រកបដោយគុណភាព នឹងជួយដោះស្រាយបញ្ហា ដែលមានរួចមកហើយ មុនពេលមានជំងឺរាតត្បាត ដូចជាការប្រមូលផ្តុំមនុស្សច្រើនពេកនៅឆ្នេរសមុទ្រ និងប្រាសាទ និងផលប៉ះពាល់បរិស្ថានផ្សេងទៀត ៕
ដោយ ឈូក បូរ៉ា

To Top
×