ព័ត៌មានអន្តរជាតិ

ប្រេសិតអាហ្វហ្គានីស្ថាន ប្រាប់យូអិន៖ មនុស្សរាប់លាននាក់ រស់ក្នុងភាពភ័យខ្លាច ក្រោមការគ្រប់គ្រង របស់ពួកតាលីបង់

បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់អាហ្វហ្គានីស្ថាន មកពីរដ្ឋាភិបាលនិរទេសខ្លួន នៅថ្ងៃអង្គារនេះ បានស្នើឲ្យមានការពិចារណា ចំពោះទង្វើរបស់ពួកតាលីបង់ ដោយធ្វើការពិពណ៌នាពីស្ថានភាព មិនច្បាស់លាស់និងធ្ងន់ធ្ងរ ដែលមនុស្សរាប់លាននាក់ រស់នៅដោយភាពភ័យខ្លាច ស្របពេលមានរបាយការណ៍ ពីការបង្ខំឲ្យរៀបការ និងការតាមស្វែងរកចាប់ខ្លួនតាមផ្ទះ។

ថ្លែងប្រាប់កិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅក្នុងទីក្រុងហ្សឺណែវ លោកឯកអគ្គរដ្ឋទូត Nasir Ahmad Andisha បានស្នើឲ្យប្រទេសជាសមាជិក បញ្ជូនសារដ៏ខ្លាំងក្លាទៅកាន់ពួកតាលីបង់ និងពួកដទៃទៀតថា ការរំលោភបំពានសិទ្ធិមនុស្ស នឹងមានផលវិបាក។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ស្ថានភាពបច្ចុប្បន្ននេះ គឺគ្មានភាពច្បាស់លាស់និងធ្ងន់ធ្ងរ ហើយវាតម្រូវឲ្យមាន ការយកចិត្តទុកដាក់ ទំនួលខុសត្រូវ និងគណនេយ្យភាព”។

លោកបានបន្តថា ការរឹតបន្តឹងនិងការរំលោភបំពាន កំពុងតែកើតមានឡើង បើទោះជាពីមុន ពួកតាលីបង់បានសន្យាថា នឹងគោរពសិទ្ធិមនុស្ស ដោយលោកលើកឡើងពី ហេតុការណ៍នៃការបង្ខំឲ្យរៀបការ ការសម្លុតគម្រាមអ្នកសារព័ត៌មាន ក៏ដូចជាសេចក្តីរាយការណ៍ អំពីការតាមស្វែងរកចាប់ខ្លួន តាមផ្ទះផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×