ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ៤០០នាក់ ត្រូវបានជួយ សង្គ្រោះចេញពីដែនទឹក នៃប្រទេសលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHRC)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ៤០០នាក់ ត្រូវបានជួយ សង្គ្រោះ និងបាននាំមកកាន់លីប៊ីវិញហើយ ។


ឧត្តមស្នងការបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “កាលពីយប់មិញ មនុស្សប្រមាណ៤០០នាក់ត្រូវបាននាំមកកាន់លីប៊ី វិញ ក្នុងនោះរួមទាំង ស្ត្រីចំនួន២៨នាក់ និងកុមារចំនួន៤នាក់” ។


ឧត្តមស្នងការខាងលើបានបញ្ជាក់ថា “ការចុះពីនាវានៅឯមូលដ្ឋានទាហានជើងទឹកទ្រីប៉ូលី និងរោងចក្រចំរាញ់ប្រេង Azzawiya ។ ភាគច្រើនគឺពលរដ្ឋស៊ូដង់ អេរីត និង អេត្យូពី ។ UNHCR និងគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ បានផ្តល់ ជំនួយបន្ទាន់ដល់អ្នកដែលមានរស់រានមានជីវិតទាំងអស់នោះ” ។


លីប៊ី បានរងនូវភាពអសន្តិសុខ និងមានភាពវឹកវរចាប់តាំងពីដួលរលំរបបដឹកនំារបស់លោក Muammar Gaddafi នៅក្នុង ឆ្នាំ២០១១ ដែលធ្វើឲ្យប្រទេសនៅ អាហ្វ្រិកខាងជើងមួយនេះ ជាចំណុចមួយ នៃការចាកចេញរបស់ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមានបំណងឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ។


អង្គការអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ (IOM)បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ ជនអន្តោប្រវេសន៍ ខុសច្បាប់ប្រមាណ ជាង២២.០០០នាក់ ក្នុងរាប់ទាំងស្ត្រី និងកុមារ ត្រូវបានជួយសង្គ្រោះ ទន្ទឹមនឹងនេះដែរ ពលរដ្ឋរាប់រយនាក់ផ្សេងទៀតបាន ស្លាប់ និងបានបាត់ខ្លួន នៅឆ្នេរសមុទ្រលីប៊ី នៅលើផ្លូវទឹកនៃសមុទ្រមេឌីទែរ៉ាណេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×