ព័ត៌មានអន្តរជាតិ

ស៊ីរី ថ្កោលទោសអាមេរិក ចំពោះការចោទប្រកាន់ដែលថា ស៊ីរីវាយប្រហារ អាវុធគីមី ក្នុងឆ្នាំ២០១៣

ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក នាពេលថ្មីៗនេះ ដោយចោទប្រកាន់រដ្ឋាភិបាលស៊ីរីថា បានធ្វើការវាយប្រហារ ដោយសារធាតុគីមីនៅក្នុងតំបន់អតីត ក្រុមឧទ្ទាមកាលពីឆ្នាំ២០១៣ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA ។

ក្រសួងបានច្រានចោលសេចក្តីថ្លែង ការណ៍របស់សហរដ្ឋអាមេរិកថាជា“ ការចោទប្រកាន់គ្មានមូលដ្ឋាន តាមរយៈការដែលសហរដ្ឋអាមេរិក ព្យាយាមបំភ្លៃការពិត និងផ្សាយភូតកុហក” អំពីការចោទប្រកាន់ថា ស៊ីរីបានវាយប្រហារដោយគីមី នៅតំបន់ជនបទហ្គូតាខាងកើត នៃរដ្ឋធានីដាម៉ាសក្នុងឆ្នាំ២០១៣ ។

ក្រសួងការបរទេសអាមេរិក បានធ្វើការចោទប្រកាន់នៅក្នុងសេចក្តីថ្លែង ការណ៍នាពេលថ្មីៗនេះ ដោយចោទប្រកាន់ថា កងកម្លាំងរបស់ប្រធានាធិបតី ស៊ីរីលោក បាសា អាល់អាសាដ បានប្រើប្រាស់“ សារជាតិសរសៃ ប្រសាទសារីន” នៅក្នុងស្រុកហ្គូតា នៃទីក្រុងដាម៉ាស ដោយបានសម្លាប់មនុស្សជាង ១៤០០ នាក់កាលពីឆ្នាំ២០១៣ ។

ក្រសួងការបរទេសស៊ីរី នៅក្នុងការឆ្លើយតបរបស់ខ្លួន បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំង យ៉ាងច្បាស់ថា“ សហរដ្ឋអាមេរិក បានបន្តវិធីអរិភាពប្រឆាំង នឹងប្រទេសស៊ីរី ដែលគ្របដណ្តប់ការបរាជ័យរបស់ខ្លួន នៅអាហ្វហ្គានីស្ថាន និងការគាំទ្ររបស់ខ្លួន ចំពោះអំពើភេរវកម្ម ដែលស៊ីរីជួបប្រទះ” ។

ក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី បានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនប្រឆាំងនឹងការប្រើប្រាស់ អាវុធប្រភេទនោះ គ្រប់ទីកន្លែងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ និងដោយភាគីណាមួយ ព្រោះវាជាបញ្ហា ដែលប្រឆាំងនឹងគោលការណ៍ និងសីលធម៌របស់ស៊ីរី៕

ដោយ ឈូក បូរ៉ា

To Top
×