ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ នឹងជម្លៀសពលរដ្ឋខ្លួន ជាង៥០០នាក់ ចេញពីអាហ្វហ្គានីស្ថាន

បរទេស ៖ ដោយដកស្រង់ សម្តីក្រសួង ការពារជាតិរុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍ នៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី នឹងប្រើប្រាស់ យន្តហោះដឹកជញ្ជូនយោធា ចំនួន៤គ្រឿង ដើម្បីជម្លៀសមនុស្សជាង ៥០០នាក់ ចេញពីប្រទេស អាហ្វហ្គានីស្ថាន ។

សេចក្តីថ្លែងការណ៍ក្រសួង ការពារជាតិរុស្ស៊ីមួយ បាននិយាយយ៉ាងដូច្នេះថា “នៅថ្ងៃទី២៥ ខែសីហា តាមបទបញ្ជាពីលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោកឧត្តមសេនីយ៍ Sergei Shoigu បានរៀបចំការជម្លៀស តាមយន្តហោះដឹកជញ្ជូនយោធា នូវពលរដ្ឋ៥០០នាក់ របស់សហព័ទ្ធរុស្ស៊ី រដ្ឋសមាជិក CSTO និងប្រទេសអ៊ុយក្រែន ចេញពីទឹកដីនៃសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន” ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Canberra Times នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ឲ្យដឹងថា ប្រតិបត្តិការជម្លៀសប្រជាជន របស់រុស្ស៊ីនេះ គឺត្រូវបានបញ្ជាដោយផ្ទាល់ ពីសំណាក់លោក វ្លាឌីមៀរ ពូទីន។

គួរបញ្ជាក់ថា ស្ថានទូតរុស្ស៊ី កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយប្រាប់ថា រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី គ្រោងនឹងធ្វើការស្នើជើងហោះហើរ ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងខែកញ្ញា សម្រាប់និស្សិតអាហ្វហ្គានីស្ថាន ដែលកំពុងគ្រោងធ្វើការសិក្សា នៅក្នុងប្រទេសរុស្ស៊ី ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top