ព័ត៌មានអន្តរជាតិ

អាមេរិក ប្រញាប់ប្រញាល់ បញ្ចប់ការជម្លៀស ពីអាហ្វហ្គានីស្ថាន ស្របពេលការគម្រាម កំហែង នៃការវាយប្រហារ កើនឡើង

បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក កំពុងស្ថិតលើដំណាក់កាល នៃការបញ្ចប់ការជម្លៀសពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា ប៉ុន្តែនៅតែបើកឱកាស នៃការបន្តកាលកំណត់នោះ ដោយនិយាយថា ការសម្រេចគោលដៅនោះ អាស្រ័យលើសហប្រតិបត្តិការ ពីពួកតាលីបង់ ។

ពួកតាលីបង់ កាលពីព្រឹកថ្ងៃអង្គារ បាននិយាយថា ការជម្លៀសជនបរទេសទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន ត្រូវតែបញ្ចប់ទាំងស្រុង នៅត្រឹមថ្ងៃទី៣១ ខែសីហា និងបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ឈប់ជំរុញឲ្យជនជាតិអាហ្វហ្គានីស្ថាន ដែលមានជំនាញខ្ពង់ខ្ពស់ ចាកចេញពីប្រទេសទៀត ។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC TV នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសុន្ទរកថានៅសេតវិមាន លោកប្រធានាធិបតីអាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក កំពុងតែប្រឹងប្រែងប្រញាប់ប្រញាល់ សម្រេចឲ្យទាន់កាលកំណត់នោះ ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ជុំវិញការគម្រាមកំហែងនៃការវាយប្រហារពីពួកតាលីបង់។

លោក បៃដិន បានមានប្រសាសន៍ យ៉ាងដូច្នេះថា “យើងអាចបញ្ចប់ឲ្យបានកាន់តែឆាប់ គឺកាន់តែល្អ ។ ថ្ងៃប្រតិបត្តិការនីមួយៗ នាំមកនូវហានិភ័យបន្ថែម ចំពោះកងទ័ពយើង” លោកបានបន្ថែមថា ការបន្តសហការជាមួយពួកតាលីបង់ នៅតែមានសារៈសំខាន់ ចំពោះការសម្រេចតាមកាលកំណត់៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×