ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង៖ ការដកខ្លួនរបស់អាមេរិក ចេញពីអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃកំណត់ ធ្វើឲ្យទាំងអស់គ្នា ស្ថិតក្នុងស្ថានភាព មិនអាចគ្រប់គ្រងបាន

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងថា ការសម្រេចចិត្តរបស់អាមេរិក ដែលមិនពន្យារពេលផុតកំណត់ សម្រាប់ការដកខ្លួនចេញពីអាហ្វហ្គានីស្ថានហួសពីថ្ងៃទី៣១ ខែសីហា បានធ្វើឱ្យយើងទាំងអស់គ្នាស្ថិតក្នុងស្ថានភាព ដែលមិនអាចគ្រប់គ្រងបាន។

លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអៀរឡង់លោក Micheal Martin ក្នុងដំណើរបំពេញការងារមួយថ្ងៃរបស់លោក ទៅកាន់ប្រទេសអៀរឡង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅពេលសួរថាតើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានក្បត់ការទទួលខុសត្រូវខាងសីលធម៌របស់ពួកគេ ឬអត់ បន្ទាប់ពីការសម្រេចចិត្តរបស់អាមេរិក មិនពន្យារពេលដកទ័ពចេញពីអាហ្វហ្គានីស្ថាន លោក ម៉ាក្រុង បានលើកឡើងថា លោកនឹងមិនប្រើពាក្យថា ក្បត់ជាតិឡើយ ពាក់ព័ន្ធបញ្ហាខាងលើនេះ។

លោកបានលើកឡើងថា វាមិនមានសុវត្ថិភាព សម្រាប់ប្រទេសផ្សេងទៀត ដើម្បីបន្តការជម្លៀសដោយសារតែការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក។ លោក ម៉ាក្រុង បានបន្ថែមថា“ យើងចង់ធ្វើការឱ្យបានល្អរហូតដល់នាទីចុងក្រោយ ដើម្បីធ្វើប្រតិបត្តិការអតិបរមា ហើយត្រូវប្រាកដអំពីសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនយើង” ។

រហូតមកដល់ពេលនេះ បារាំង បានជួយជម្លៀសមនុស្សចំនួន ២,៦០០ នាក់រួមទាំងពលរដ្ឋអាហ្វហ្គានីស្ថាន ប្រមាណ ២០០០ នាក់ដែលកំពុងប្រថុយប្រថាន ហើយការជម្លៀសនៅតែបន្ត។

លោក ម៉ាក្រុង បានទៅដល់ទីក្រុង Dublin នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ លោកត្រូវបានស្វាគមន៍ជាលើកដំបូងដោយប្រធានាធិបតីអៀរឡង់លោក Michael Higgins មុនពេលជួបជាមួយលោក ម៉ាទីន នៅអាគាររដ្ឋាភិបាលក្នុងកំឡុងពេលដែលភាគីទាំងពីរពិភាក្សាអំពីបញ្ហាដែលមានការព្រួយបារម្ភក្រៅពីបញ្ហាអាហ្វហ្គានីស្ថាន៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top