ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកក្បែរព្រលានយន្ដហោះកាប៊ុល កើនឡើងដល់ ៧០នាក់ និងរបួសជាង ១៤០នាក់

កាប៊ុល៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងតិច ៧០ នាក់បានស្លាប់ និងប្រហែល ១៤០ នាក់រងរបួស នៅក្នុងការផ្ទុះពីរលើក ដែលបានកើតឡើងខាងក្រៅអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន ខណៈដែលប្រទេសជាច្រើនខិតខំជម្លៀសពលរដ្ឋរបស់ពួកគេ បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមអំណាចនាពេលថ្មីៗនេះ នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។

មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា សមាជិកយោធាអាមេរិកសរុបចំនួន ១៣ នាក់បានស្លាប់ និង ១៨ នាក់បានរងរបួស។ ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវនេះ តាមរយៈគេហទំព័រព័ត៌មានសម្ព័ន្ធរបស់ខ្លួន។

ការបំផ្ទុះគ្រាប់បែកដែលត្រូវបានគេជឿថា ជាការបំផ្ទុះគ្រាប់បែកអត្តឃាត ដោយសម្ព័ន្ធអង្គការរដ្ឋឥស្លាមហៅកាត់ថា ISIS-K បានកើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់ការដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាន ខណៈប្រតិបត្តិការជម្លៀសដ៏វឹកវរនៅតែបន្ត នៅព្រលានយន្តហោះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងទទួលខុសត្រូវចំពោះអ្នក ដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយលើកឡើងថា“ យើងនឹងមិនអត់ទោសឲ្យនោះទេ យើងនឹងមិនបំភ្លេចឡើយ យើងនឹងតាមចាប់ខ្លួនអ្នក ហើយសងអ្នកវិញ” ។

នៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមានលោក បៃដិន ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងមិនត្រូវបានរារាំងដោយពួកភេរវករឡើយដោយអះអាងថា“ អាមេរិក នឹងមិនត្រូវបំភិតបំភ័យឡើយ” ។

លោកបៃដិន បានលើកឡើងថា លោកបានបញ្ជាឱ្យមេបញ្ជាការយោធាបង្កើតផែនការ ដើម្បីវាយលុកទ្រព្យសម្បត្តិ ភាពជាអ្នកដឹកនាំ និងមធ្យោបាយរបស់ក្រុម ISIS-K ក្នុងការសងសឹក។

លោកបានបន្ថែមថា“ យើងនឹងឆ្លើយតបដោយកម្លាំង និងភាពជាក់លាក់នៅពេលវេលារបស់យើង នៅកន្លែងដែលយើងជ្រើសរើស និងពេលនៃការជ្រើសរើសរបស់យើង” ។

អ្នកនាំពាក្យសេតវិមានលោកស្រី ជេន សាគី បានលើកឡើងថា កាលកំណត់របស់រដ្ឋបាលក្នុងការបញ្ចប់ការដកកងទ័ពអាមេរិកនៅចុងខែនេះ មិនមានការផ្លាស់ប្តូរនោះទេ ខណៈដែលសង្កត់ធ្ងន់ថាគ្មានថ្ងៃបញ្ចប់ចំពោះកាលកំណត់ សម្រាប់ការជម្លៀសពលរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាមួយសហរដ្ឋអាមេរិក កំឡុងសង្គ្រាមនោះឡើយ។

រដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin ក៏បានកាន់ទុក្ខចំពោះការបាត់បង់យោធា នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា“ ភេរវករ បានឆក់យកអាយុជីវិតពួកគេ នៅពេលដែលកងទ័ពទាំងនេះ កំពុងព្យាយាមជួយសង្គ្រោះជីវិតអ្នកដទៃ” ។

បន្ទាប់ពីការផ្ទុះនេះសេតវិមានបានប្រកាសថា កិច្ចប្រជុំរវាងលោក បៃដិន និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett ត្រូវបានពន្យារពេលរហូតដល់ថ្ងៃសុក្រ ដោយសារតែករណីបំផ្ទុះគ្រាប់បែកខាងលើនេះ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top