ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសសងសឹក និងទំនងជាពន្យារពេល ជម្លៀសពលរដ្ឋ ក្រោយមានការបំផ្ទុះគ្រាប់បែក ក្បែរព្រលាន យន្ដហោះកាប៊ុល

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិក នឹងតាមចាប់ខ្លួនក្រុមភេរវករ ដែលបានវាយប្រហារដោយបំផ្ទុះគ្រាប់បែក ក្បែរព្រលានយន្ដហោះ ទីក្រុងកាប៊ុល ដោយបានសម្លាប់មនុស្សជិត ១០០នាក់ហើយ និងរងរបួសធ្ងន់ស្រាល ជាង ១៤០នាក់ ហើយអាមេរិក អាចនឹងពន្យារពេល ប្រតិបត្ដិការជម្លៀស ពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន ដែលនឹងផុតកំណត់ នៅត្រឹមថ្ងៃទី៣១ ខែសីហា ខាងមុខនេះដែរ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងទទួលខុសត្រូវ ចំពោះអ្នក ដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយលើកឡើងថា“ យើងនឹងមិនអត់ទោសឲ្យនោះទេ យើងនឹងមិនបំភ្លេចឡើយ យើងនឹងតាមចាប់ខ្លួនអ្នក ហើយសងអ្នកវិញ” ។

នៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន លោក បៃដិន ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងមិនត្រូវបានរារាំង ដោយពួកភេរវករឡើយ ដោយអះអាងថា“ អាមេរិក នឹងមិនត្រូវបំភិតបំភ័យឡើយ” ។

លោកបៃដិន បានលើកឡើងថា លោកបានបញ្ជាឱ្យមេបញ្ជាការ យោធាបង្កើតផែនការ ដើម្បីវាយលុកទ្រព្យសម្បត្តិ ភាពជាអ្នកដឹកនាំ និងមធ្យោបាយរបស់ក្រុម ISIS-K ក្នុងការសងសឹក។

លោកបានបន្ថែមថា“ យើងនឹងឆ្លើយតបដោយកម្លាំង និងភាពជាក់លាក់ នៅពេលវេលារបស់យើង នៅកន្លែងដែលយើងជ្រើសរើស និងពេលនៃការជ្រើស រើសរបស់យើង” ។

អ្នកនាំពាក្យសេតវិមានលោកស្រី ជេន សាគី បានលើកឡើងថា កាលកំណត់របស់រដ្ឋបាលក្នុង ការបញ្ចប់ការដកកងទ័ពអាមេរិកនៅចុងខែនេះ មិនមានការផ្លាស់ប្តូរនោះទេ ខណៈដែលសង្កត់ធ្ងន់ថា គ្មានថ្ងៃបញ្ចប់ចំពោះកាលកំណត់ សម្រាប់ការជម្លៀស ពលរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាមួយសហរដ្ឋអាមេរិក កំឡុងសង្គ្រាមនោះឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងតិច ៧០ នាក់បានស្លាប់ និងប្រហែល ១៤០ នាក់រងរបួស នៅក្នុងការផ្ទុះពីរលើក ដែលបានកើតឡើងខាងក្រៅ អាកាសយានដ្ឋានរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន ខណៈដែលប្រទេសជាច្រើន ខិតខំជម្លៀសពលរដ្ឋរបស់ពួកគេ បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមអំណាចនាពេលថ្មីៗនេះ នៅក្នុងប្រទេសដែលហែកហួរ ដោយសង្គ្រាមមួយនេះ ។

មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា សមាជិកយោធាអាមេរិកសរុបចំនួន ១៣ នាក់បានស្លាប់ និង ១៨ នាក់បានរងរបួស។ ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដ៏សាហាវនេះ តាមរយៈគេហទំព័រព័ត៌មាន សម្ព័ន្ធរបស់ខ្លួន។

ការបំផ្ទុះគ្រាប់បែកដែលត្រូវ បានគេជឿថា ជាការបំផ្ទុះគ្រាប់បែកអត្តឃាត ដោយសម្ព័ន្ធអង្គការរដ្ឋឥស្លាមហៅកាត់ថា ISIS-K បានកើតឡើងប៉ុន្មានថ្ងៃមុន ថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់ការដកកងកម្លាំងអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ខណៈប្រតិបត្តិការជម្លៀសដ៏វឹកវរនៅតែបន្ត នៅព្រលានយន្តហោះ ។

រដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin ក៏បានកាន់ទុក្ខចំពោះការបាត់បង់យោធា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា“ ភេរវករ បានឆក់យកអាយុជីវិតពួកគេ នៅពេលដែលកងទ័ពទាំងនេះ កំពុងព្យាយាមជួយសង្គ្រោះជីវិតអ្នកដទៃ” ។

បន្ទាប់ពីការផ្ទុះនេះសេតវិមាន បានប្រកាសថា កិច្ចប្រជុំរវាងលោក បៃដិន និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett ត្រូវបានពន្យារពេលរហូតដល់ថ្ងៃសុក្រ ដោយសារតែករណីបំផ្ទុះគ្រាប់ បែកខាងលើនេះ៕

ដោយ ឈូក បូរ៉ា

To Top