ព័ត៌មានអន្តរជាតិ

មេដឹកនាំតំបន់មជ្ឈិមបូព៌ា និងបារាំង ជួបពិភាក្សាគ្នា ក្នុងទីក្រុងបាដាត ស្តីពីសន្តិសុខ និងកិច្ចការការទូត

បរទេស៖ មេដឹកនាំតំបន់មជ្ឈិមបូព៌ាជាច្រើនរូប និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបគ្នានៅក្នុងទីក្រុងបាដាត នាថ្ងៃសៅរ៍នេះ នៅជំនួបកំពូលមួយដែលរៀបចំ ឡើងដោយប្រទេសអ៊ីរ៉ាក់ ដែលចង់ឲ្យប្រទេសជិតខាងខ្លួន ពិភាក្សាគ្នាទៅវិញទៅមក។

ចំណងមិត្តភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមសេចក្តីរាយការណ៍ បានជាប់គាំងជាខ្លាំង ដោយសារតែអរិភាពរវាង ប្រទេសអ៊ីរ៉ង់ជាភាគីម្ខាង និងសហរដ្ឋអាមេរិកជាមួយ សម្ពន្ធមិត្តតំបន់ឈូងសមុទ្រអារ៉ាប់ ជាភាគីម្ខាងទៀត។

អ្នករៀបចំជំនួបកំពូលនេះ បាននិយាយប្រាប់ថា ពួកគេមិនបានរំពឹងព្រឹត្តិការណ៍ ការទូតដ៏សំខាន់ណាមួយ កើតមាននៅជំនួបកំពូលនេះទេ ចំណែកមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់មួយរូប បាននិយាយថា ការធ្វើឲ្យប្រទេសទាំងនេះ មកអង្គុយនៅតុជុំគ្នា នោះនឹងជាសមិទ្ធភាពដ៏គ្រប់គ្រាន់។

ប្រមុខរដ្ឋ ដែលចូលរួមជំនួបកំពូលនោះ រួមមានលោកប្រធានាធិបតី Abdel Fattah al-Sisi ព្រះចៅ Abdullah របស់ប្រទេសហ្ស៊កដានី ព្រះចៅនៃប្រទេសកាតា Tamim bin Hamad al-Thani និងលោកប្រធានាធិបតីបារាំង លោក Macron ចំណែកប្រទេសគុយវ៉ែត និងសហភាពអារ៉ាប់រួម បានបញ្ជូនប្រមុខរដ្ឋាភិបាលខ្លួន និងប្រទេសតួកគីបានបញ្ជូន រដ្ឋមន្ត្រីការបរទេសមកចូលរួម ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top