ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ត្រៀមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ស្របពេលការជម្លៀស អាមេរិកជិតចប់

បរទេស៖ ពួកតាលីបង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បាននិយាយប្រាប់ថា ពួកគេកំពុងតែត្រៀមរៀបចំ បង្កើតគណៈរដ្ឋមន្ត្រីថ្មី ស្របពេលដែលការ ជម្លៀសអាមេរិកជិតចប់ ហើយពួកគេរំពឹងថា ការធ្លាក់ចុះរូបិយប័ណ្ណដ៏ខ្លាំង និងវិបត្តិសេដ្ឋកិច្ច ដែលកើតមានក្រោយការ កាន់កាប់ទីក្រុងកាប៊ុល កាលពី២ សប្ដាហ៍មុននោះ នឹងមានការធូរស្រាល។

លោក Zabihullah Mujahid ជាមន្ត្រីនាំពាក្យចម្បងរបស់ពួកតាលីបង់ បានធ្វើការថ្លែងប្រាប់យ៉ាងដូច្នោះ ដល់សារព័ត៌មានមួយ ស្របពេលដែលអាមេរិកកាត់ បន្ថយបេសកកម្មរបស់ខ្លួន ដោយជម្លៀសពលរដ្ឋអាមេរិក និងជនជាតិអាហ្វហ្គានីស្ថានងាយរងគ្រោះ និងដកកងទ័ពចេញពី អាកាសយានដ្ឋាននៃទីក្រុងកាប៊ុល នៅមុនថ្ងៃផុតកំណត់ទី៣១ ខែសីហា ដែលបានដាក់ចេញដោយ លោកប្រធានាធិបតី ចូ បៃដិន។

តាមសេចក្តីរាយការណ៍ លោក Zabihullah Mujahid បានធ្វើការថ្កោលទោសចំពោះការ វាយប្រហារដោយកូន ដ្រូនអាមេរិកទាំងយប់ ទៅលើក្រុមរដ្ឋឥស្លាមជ្រុលនិយម ក្រោយមានការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃព្រហស្បតិ៍ នៅជិតព្រលានយន្តហោះនៃទីក្រុងកាប៊ុល។

ប៉ុន្តែលោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោក ខាងលិចផ្សេងទៀត រក្សាចំណងមិត្តភាពការទូត ក្រោយពួកគេដកទ័ពចេញ ដែលលោករំពឹងថា នឹងត្រូវចប់សព្វគ្រប់ទាំងស្រុង នៅក្នុងពេលឆាប់ៗខាងមុខនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top