ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ខុសច្បាប់ជាង ៥០០នាក់ ត្រូវបានជួយសង្គ្រោះ ដោយឆ្មាំសមុទ្រអ៊ីតាលី

រ៉ូម៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ថានាវាឆ្មាំសមុទ្រ របស់ប្រទេសអ៊ីតាលី បានជួយសង្គ្រោះជនភៀសខ្លួនចំនួន ៥៣៩នាក់ ពីទូកនេសាទដែល រសាត់ចេញពីកោះ Lampedusa ។

ការជួយសង្គ្រោះកាលពីថ្ងៃសៅរ៍ បានបញ្ជូនជនភៀសខ្លួន ដ៏ច្រើនបំផុតទៅកាន់កោះអ៊ីតាលី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។ ស្ត្រី និងកុមារស្ថិតក្នុងចំណោម អ្នកដែលនៅលើនាវានោះ។ ជនភៀសខ្លួនមួយចំនួនដែល បានធ្វើដំណើរឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេចេញពីលីប៊ី ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីសញ្ញានៃ អំពើហឹង្សាកើតឡើង ។

រដ្ឋអាជ្ញាអ៊ីតាលី បានបើកការស៊ើបអង្កេត ទៅលើអ្វីដែលអាចកើតឡើង ។

វេជ្ជបណ្ឌិតមកពីក្រុមមនុស្សធម៌ MSF ហៅកាត់ថា (គ្រូពេទ្យគ្មានព្រំដែន) Alida Serrachieri បានថ្លែងថា ជនភៀសខ្លួនមួយចំនួនហាក់ ដូចជាត្រូវបានគេធ្វើបាប រាងកាយនៅលីប៊ី ខណៈកំពុងរង់ចាំទូកដឹកពួកគេទៅអឺរ៉ុប ។

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេត កំពុងសម្លឹងមើលលទ្ធភាព ដែលជនភៀសខ្លួនទាំងនោះ អាចជាប់ពន្ធនាគារដោយ មិនពិតនៅក្នុងប្រទេសលីប៊ី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top