ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប នឹងស្វះស្វែងបញ្ឈប់ការហូរចូលអន្តោប្រវេសន៍ អាហ្វហ្គានីស្ថានដ៏ធំ (Video)

បរទេស៖ សេចក្តីថ្លែងការណ៍ព្រាងមួយ ដែលត្រូវបានគេត្រៀមរៀបចំសម្រាប់កិច្ចប្រជុំមួយនៅថ្ងៃអង្គារ តាមសេចក្តីរាយការណ៍ បាននិយាយថា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ប្តេជ្ញាទប់ស្កាត់អន្តោប្រវេសន៍ដែលគ្មានការគ្រប់គ្រង មកពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពួកតាលីបង់កាន់កាប់ប្រទេស។


រដ្ឋាភិបាលសហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន ប្រឹងខ្នះខ្នែងធ្វើការបញ្ចៀសមិនឲ្យមានភាពវឹកវរជាថ្មីនៃជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ដែលធ្លាប់កើតមាននៅក្នុងឆ្នាំ២០១៥ ទាំងដែលសហភាពអឺរ៉ុបមិនបានត្រៀមខ្លួន និងបានបង្កឲ្យមានការបែកបាក់នៅក្នុងចំណោមពួកគេ ធ្វើឲ្យមានការគាំទ្រខ្លាំងឡើងសម្រាប់ភាគីស្តាំនិយម ស្របពេលដែលជំរុំនៅក្រិក អ៊ីតាលី និងទីដទៃទៀត បានកើនឡើង។


យោងតាមសេចក្តីថ្លែងការណ៍ព្រាងនោះ ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងនិយាយនៅក្នុងកិច្ចប្រជុំនោះដូច្នេះថា “ផ្អែកលើមេរៀនដែលធ្លាប់រៀន សហភាពអឺរ៉ុបនិងរដ្ឋជាសមាជិក បានធ្វើការប្តេជ្ញាចាត់វិធានការរួមគ្នា ដើម្បីទប់ស្កាត់មិនឲ្យមានការកើនឡើងជាថ្មីនៃចលនាអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំគ្មានការគ្រប់គ្រង ដែលធ្លាប់បានប្រឈមមុខនៅក្នុងកាលជាអតីត តាមរយៈការត្រៀមរៀបចំការឆ្លើយតបរួមនិងមានរបៀបរៀបរយ”។


គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា គោលជំហរនេះ បានកើតមានឡើង ស្របពេលដែលទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានព្រមានថា រហូតដល់ទៅចំនួនពាក់កណ្ដាលនៃជនជាតិអាហ្វហ្គានីស្ថាន អាចនឹងធ្វើការភៀសខ្លួនចេញពីស្រុកកំណើតពួកគេ នៅចុងឆ្នាំនេះ៕


ប្រែសម្រួល៖ប៉ាង កុង

To Top
×